យោងតាមគេហទំព័រ Ealuxe បានឲ្យដឹងថា ការទទួលទឹកស្អាត គឺពិតជាមានសារៈ សំខាន់ណាស់ សម្រាប់តម្រូវការសារពាង្គកាយ របស់មនុស្សយើងម្នាក់ៗ ហើយដើម្បីទទួល បានសុខភាពល្អ យ៉ាងហោចណាស់ អ្នកគួរពិសាទឹកឲ្យបាន មួយលីត្រកន្លះក្នុងមួយថ្ងៃ ។ បច្ចុប្បន្ននេះ មានទឹកពិសាបរិសុទ្ធល្អៗ ជាច្រើនប្រភេទ កំពុងដាក់លក់នៅតាមទីផ្សារ ជាមួយនឹងរូបរាងក្នុងដប់ ដ៏គួរឲ្យទាក់ទាញ និងតម្លៃដ៏ថ្លៃ។ ខាងក្រោមនេះ ជាទឹកពិសាបរិសុទ្ធដ៏ មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក ៖
១. ទឹកពិសាបរិសុទ្ធ Acqua di Cristallo Tributo Modigliani ក្នុងមួយដបតម្លៃ ៦០.០០០ ដុល្លារអាម៉េរិក
តើអ្នកហ៊ានចំណាយប្រាក់ ៦០.០០០ដុល្លារអាម៉េរិក សម្រាប់ទឹកមួយដបនេះដែរ ឬទេ? នេះគឺជាទឹកពិសាបរិសុទ្ធ ដ៏មានតម្លៃថ្លៃបំផុតនៅក្នុង ពិភពលោក ដែលបានផលិត និងរចនាដបទ្បើង ដោយកីទ្បាករដ៏ល្បីឈ្មោះ គឺលោក Fernando Altamirano ។ វាត្រូវបានដាក់ នៅក្នុងដបចំណុះ ៥ មីលីក្រាម តែប៉ុណ្ណោះ ។
២. ទឹកពិសាបរិសុទ្ធ Kona Nigari ក្នុងមួយដបតម្លៃ ៤០២ដុល្លារអាម៉េរិក
តើអ្នកជឿទេថា មានមនុស្សហ៊ានទិញទឹកពិសាបរិសុទ្ធនេះ? Kona Nigari ជាទឹកពិសាបរិសុទ្ធ ដែលត្រូវបានលក់នៅក្នុងទីផ្សារ របស់ប្រទេសជប៉ុន ។ វាត្រូវបានគេចាត់ទុកថា ជាទឹកវេទមន្តមួយ ព្រោះអាចជួយឲ្យស្រក់ទម្ងន់ កាត់បន្ថយការតប់ប្រមល់ និងជួយធ្វើឲ្យរបួសឆាប់ ជាសះស្បើយយ៉ាងរហ័ស ។ វាត្រូវបានច្រកក្នុងដបចំណុះ ៧៥០ម.ល ។
៣. ទឹកពិសាបរិសុទ្ធ Fillico ក្នុងមួយដបតម្លៃ ២១៩ដុល្លារអាម៉េរិក
ជាទឹកពិសាបរិសុទ្ធដ៏គួរឲ្យចាប់អារម្មណ៍ និងមានតម្លៃថ្លៃបំផុត ដែលត្រូវបានគេធ្វើទ្បើងជាពិសេស សម្រាប់ថ្វាយស្ដេច ឬព្រះមហាក្សត្រិយានី ។ វាត្រូវបានច្រកនៅក្នុង ដបគ្រីស្តាល់ ដ៏ប្រណិតជាមួយនឹងការរចនា ដ៏ស្រស់ស្អាត ។
៤. ទឹកពិសាបរិសុទ្ធ Bling H2O ក្នុងមួយដបតម្លៃ ៤០ ដុល្លារអាម៉េរិក
ជាទឹកពិសាបរិសុទ្ធម៉្យាង ដែលមានគុណប្រយោជន៍ល្អបំផុត សម្រាប់រាងកាយដូចជា ផ្តល់ថាមពល បង្កើនការចងចាំ ព្រមទាំងសារប្រយោជន៍ ជាច្រើនផ្សេងៗទៀត។ វាត្រូវបានច្រកនៅក្នុង ដបគ្រីស្តាល់ដ៏ថ្លាចំណុះ ៧៥០ ម.ល ។
៥. ទឹកពិសាបរិសុទ្ធ Veen ក្នុងមួយដបតម្លៃ ២៣ ដុល្លារអាម៉េរិក
ជាទឹកបរិសុទ្ធដ៏ល្អបំផុត សម្រាប់ជំនួយសុខភាព និងធ្វើឲ្យមានអារម្មណ៏ស្រស់ស្រាយ នៅពេលបានពិសា ។ Veen ត្រូវបានគេច្រកក្នុងដបចំណុះ ៧៥០ ម.ល និងលក់នៅក្នុងបណ្ដាល ប្រទេសចំនួន ៧នៅអឺរ៉ុប ។
៦. ទឹកពិសាបរិសុទ្ធ Thousand BC ក្នុងមួយដបតម្លៃ ១៤ ដុល្លារអាម៉េរិក
វាត្រូវបានច្រកនៅក្នុងដបដ៏ស្រស់ស្អាត មើលទៅដូចជាដបស្រា ដ៏ប្រណិតមួយចំណុះ ៧៥០ ម.ល ។ ទឹកពិសាបរិសុទ្ធនេះ ត្រូវបានគេផលិតទ្បើង ពីប្រភពទឹកដ៏កម្រ ដែលស្ថិតនៅឆ្ងាយ ពីឆ្នេរសមុទ្រប្រទេសកាណាដា ។
៧. ទឹកពិសាបរិសុទ្ធ AquaDeco ក្នុងមួយដបតម្លៃ ១២ ដុល្លារអាម៉េរិក
ទឹកពិសាបរិសុទ្ធនេះ ត្រូវបានគេច្រក ក្នុងដបដ៏ស្រស់ស្អាតចំណុះ ៧៥០ ម.ល មើលទៅគួរឲ្យទាក់ទាញបំផុត ជាមួយនឹងរសជាតិ ដ៏ពិសេស ។ វាទឹកត្រូវបានគេយកមកពី ប្រភពទឹកផ្នែកខាងក្រោមដី ស្ថិតក្នុងប្រទេសកាណាដា ។
៨. ទឹកពិសាបរិសុទ្ធ Lauquen Artes Mineral ក្នុងមួយដបតម្លៃ ៦ ដុល្លារអាម៉េរិក
ទឹកពិសាបរិសុទ្ធនេះ មានប្រភពមកពីទឹក ដែលស្ថិតនៅក្នុងស្រទាប់ដី ឬថ្មជម្រៅ ១.៥០០ ហ្វីតនៃភ្នំ Andes ។ វាត្រូវបានផលិត និងច្រកក្នុងដបដ៏ទំនើប និងស្រស់ស្អាតចំណុះ ៧៥០ ម.ល។ ទឹកបរិសុទ្ធនេះ ភាគច្រើនត្រូវបានគេលក់ វានៅក្នុងសណ្ឋាគារ ភោជនីដ្ឋាន និងបារ ។
៩. ទឹកពិសាបរិសុទ្ធ Tasmanian Rain ក្នុងមួយដបតម្លៃ ៥ ដុល្លារអាម៉េរិក
វាជាទឹកពិសាបរិសុទ្ធម៉្យាង ដែលមានប្រភពចេញពី ទឹកភ្ញៀងនៅក្នុងតំបន់កោះមួយ ហើយត្រូវបានគេប្រមូល ត្រង់ដោយមិនឲ្យវា ធ្លាក់ដល់ដីទេ ដើម្បីយកមកផលិត ជាទឹកពិសាបរិសុទ្ធ ដ៏មានរស់ពិសេស និងផ្តលអត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់សុខភាព ។ Tasmanian Rain ត្រូវបានគេច្រក នៅក្នុងដបដ៏ស្រស់ស្អាតចំណុះ៧៥០ ម.ល ។
១០. ទឹកពិសាបរិសុទ្ធ Fine ក្នុងមួយដបតម្លៃ ៥ ដុល្លារអាម៉េរិក
ជាទឹកពិសាបរិសុទ្ធដ៏ល្អបបំផុត សម្រាប់សុខភាព ដែលបានប្រើបច្ចេកវិទ្យាយ៉ាងទំនើប និងប្រណិតបំផុតរបស់ជប៉ុន នៅក្នុងការផលិត វាទ្បើង ។ Fine ត្រូវបានគេច្រក នៅក្នុងដបចំណុះ ៧៥០ ម.ល ដ៏ស្រសស្អាត មើលទៅគួរឲ្យទាក់ទាញ យ៉ាងខ្លាំង ៕