ដើម្បីអាចទាក់ទងជាមួយសង្សាររបស់ខ្លួន បានងាយស្រួល នារីវ័យក្មេងម្នាក់នៅ Brazil បាននឹកឃើញវិធីដ៏បុរាណមួយ នោះគឺការផ្ញើទូរស័ព្ទចូលទៅឱ្យសង្សារ នៅក្នុងពន្ធនាគារ តាមរយៈសត្វព្រាប ប៉ុន្ដែ គោលបំណងនេះ មិនបានសម្រេច។
នាង Cristielli Mansa អាយុ ២១ឆ្នាំ បានព្យាយាមបញ្ជូនទូរស័ព្ទមួយគ្រឿងទៅឱ្យ Wagner Machado Rodrigues ដែលជាជនល្មើស ត្រូវបានដាក់គុកក្រោមបទប្រើប្រាស់គ្រឿងស្រវឹង ពេលធ្វើចរាចរណ៍។
គោលបំណងរបស់ Cristielli Mansa បានបរាជ័យ បន្ទាប់ពីសត្វព្រាបបានហើរឆ្លងកាត់របងកំពស់ ៣ម៉ែត្រ របស់ពន្ធនាគារ Porto Alegre ក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូង Brazil ក៏ស្រាបតែធ្លាក់ចុះដី នៅចំពោះមុខឆ្មាំគុកដែលកំពុងដើរល្បាត ដោយសារតែវាអស់កម្លាំង។
ក្រុមបុគ្គលិកធ្វើការនៅក្នុងពន្ធនាគារ ក៏បាននាំគ្នារត់ចេញមកមើល ក៏ស្រាប់តែឃើញ នាងCristielli Mansa រួមនឹងបុរសម្នាក់ទៀត កំពុងត្រៀមដើម្បីបញ្ជូនជាលើកទីពីរ។ លើកនេះ ឧបករណ៍ដែល Cristielli Mansa ត្រៀមនឹងបញ្ជូនចូលក្នុងពន្ធនាគារ រួមមាន ថ្មទូរស័ព្ទ និងឈីបមួយចំនួនដែលមានតម្លៃ ៤២៧ដុល្លារ។
បន្ទាប់មក Cristielli Mansa និងបុរសម្នាក់ទៀត គឺ Sydney Jeferson Lopes da Silva អាយុ ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួន មុនពេលពួកគេរត់គេច។ អ្នកទាំងពីរនេះ ត្រូវបានចោទប្រកាន់ចំនួនពីរករណី ៖ មានចេតនាបញ្ជូនរបស់ហាមឃាត់ ចូលក្នុងពន្ធនាគារ និងបទប្រព្រឹត្ដឃោរឃៅចំពោះសត្វ។
ដោយ ៖ តារា
ប្រភព ៖ Orange