ព័ត៌មានកីឡា៖ ក្រោយពីលេចចេញនូវផ្ទាំង កម្រងសំណួរយ៉ាងជាក់ច្បាស់ ប្រភពគេហទំព័រ gmanetwork បានចុះផ្សាយផងដែរថា កីឡាករប៉ាក់គីអៅ បានបដិសេធច្រានចោល ថាគាត់ព្យាយាមលាក់អាថ៌កំបាំង នូវរបួសរបស់គាត់ ដើម្បីមានឱកាសបានប្រកួតជាមួយ Floyd។
ប៉ាក់គីអៅ បានមានរបួសត្រង់សាច់ដំុសន្លាក់ស្មាខាងស្ដាំ ក្នុងកំលុងពេលដែលកីឡាករ កំពុងតែហ្វឹកហាត់ ត្រៀមខ្លួនចូលរួមប្រកួត ។ ហើយរបួសនេះបើយោងតាមការអះអាងរបស់កីឡាករបន្ទាប់ពីដឹងលទ្ធផលចាញ់គឺលើកឡើងថា រូបគាត់ បានស្រួលបួលប្រសើរ ៦០ ភាគរយហើយ ប៉ុន្ដែរហូតមកដល់កំលុងពេលប្រកួត ក្នុងទឹកចុងក្រោយ គាត់កាន់តែមានអារម្មណ៍ឈឺចាប់ឡើងវិញ ។
យោងតាមសម្ដីរបស់ NSAC (Nevada State Athletic Commission) បានលើកឡើងផងដែរថា គាត់ក៏ដឹងថា ប៉ាក់គីអៅ មានរបួសប៉ុន្មានម៉ោងមុនពេលប្រកួតផងដែរ ប៉ុន្ដែគាត់ទទួចឆ្លើយប្រាប់មកវិញថា គាត់បានផ្ដល់ដំណឹងដល់ ក្រុមការងារ United States Anti-Doping Agency (USADA) រួចរាល់អស់ហើយ ។
កម្រងសំណួរដែលលេចចេញមកនេះ គឺពិបាកដោះស្រាយខ្លាំងណាស់ ប្រសិនបើប៉ាក់គីអៅ បានបំពេញ ដោយផ្ទាល់ដៃរបស់ខ្លួនមែន ហើយម្យ៉ាងវិញទៀតនៅផ្នែកម្ខាងនៃ ឯកសារនោះ មានឈ្មោះ អ្នកផ្ដល់ព្រឹក្សាកីឡាករផងដែរគឺ លោក Michael Koncz ដែលបានចុះហត្ថលេខាទទួលស្គាល់ដឹងឮ។
ប៉ាក់គីអៅ អាចប្រឈមុខនឹងការចោទប្រកាន់ពីបទភូតភរចៅក្រម ដែលអាចត្រូវជាប់គុក យ៉ាងតិច ៤ ឆ្នាំ ។ នោះបើយោងតាមរបាយការណ៍ True.Ink ។
កាលពីប៉ុន្មានថ្ងៃដើមសប្ដាហ៍នៃប្រកួតលោក Michael Koncz បានរៀបចំកញ្ចប់ថ្នាំសម្រាប់តាមលេខរៀងទាំងមុនការប្រកួត នឹង កំលុងការប្រកួតសម្រាប់ព្យាបាលជម្ងឺបន្ទាប់ពីទទួលបានពីគ្រូពេទ្យ ប៉ុន្ដែ រឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្រុមគណៈកម្មការ បែរជាបដិសេធ ថាគាត់នេះប្រើថ្នាំស្ពឹកទៅវិញ ។ គាត់ក៏ឈប់លេបថ្នាំ ហើយនៅតែបង្ខំចិត្ដឡើងវ៉ៃជាមួយ Floyd ដដែល បើទោះបីជាគាត់ ត្រូវឈឺចាប់យ៉ាងណាក៏ដោយ ។ ហើយម្យ៉ាងវិញទៀត គាត់មិនចង់ឲ្យទស្សនិកជនទទួទាំងពិភពលោកអស់សង្ឃឹមនឹង ការតាមដានការប្រកួតនេះដែរ ។
របួសស្មាដែលកាន់តែធ្ងន់ធ្ងរក្រោយការប្រកួតជាមួយ Floyd កីឡាករប៉ាក់គីអៅ និង ត្រូវប្រឈមមុខនឹងការវះកាត់ ព្យាបាល ដែលអាចពន្យាពេល កីឡាករពីអាជីពកីឡាប្រដាល់ដល់ទៅ ១០ ទៅ ១២ ខែទើបអាចមានភាពប្រសើរឡើងវិញ ។ ហើយការវះកាត់អាចនឹងចាប់ផ្ដើមនាក្នុងសប្ដាហ៍នេះហើយ ។ តើនឹងទៅជាយ៉ាងណា លើបញ្ហាមួយនេះ ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ gmanetwork