ក្រុងមែនឆេស្ទើ៖ អតីតក្រុមខ្លាំងបិសាចក្រហម Manchester United នឹងមិនភ្លាត់ស្នៀតជាដាច់ខាត ក្នុងការទទួលបាន ៣ពិន្ទុនៅក្នុងទឹកដីជាលើកទី២ ដោយបានដាក់សុទ្ធតែ កីឡាករល្អៗ នៅក្នុងជម្រើស១១នាក់ ដំបូងនាយប់នេះ ដើម្បីត្រៀមបំបាក់ ក្រុមភ្ញៀវញញួរធំ West Ham United នាម៉ោង ២១ និង ០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នៃព្រឹត្តិការណ៍ Premier League ប្រចាំសប្តាហ៍ទី៦ ។
Man Utd បានទទួលរងនូវការខកចិត្តមួយនាថ្ងៃបើកឆាក Premier League តាមរយៈប្រកួតចាញ់ក្រុមភ្ញៀវ Swansea City ២-១ មុនពេលបំបាក់ក្រុមអន់ QPR ៤-០ នៅ Old Trafford ដែលជំរុញឲ្យ អ្នកចាត់ការទូទៅ ថ្មីលោក Louis van Gaal រុះរើក្រុមបន្ថែមទៀត និងដាក់សុទ្ធតែជម្រើសល្អៗ ទាំងអស់ដើម្បីសាងកិត្តិយស ឡើងវិញក្នុងខណៈដែលក្រុមធ្លាក់ ពីលេខ៩ទៅឈរនៅលេខទី១២ វិញហើយនោះដោយមាន តែ៥ពិន្ទុនៅឡើយឆ្លងកាត់៥ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់២ ប្រសិនបើមិនចង់ឲ្យ បិសាចក្រហមលិចលង់កាន់ តែជ្រៅទៀតនោះ ។
ការជាសះស្បើយពីរបួសជើងរបស់កីឡាករចំណូលថ្មី Luke Shaw ក៏ជាកី្តសង្ឃឹមមួយផងដែរសម្រាប់ Man Utd នៅតំ បន់ការពារដោយ នឹងត្រូវចាប់ដៃគូជាមួយនឹង Marcos Rojo និង Daley Blind ស្របពេលដែល នៅតំបន់បម្រើមានមិត្ត រួមក្រុម Darren Fletcher, Angel Di Maria, Rafael និង Ander Herrera ជាមួយនឹងខ្សែប្រយុទ្ធ៣រូបមាន Wayne Rooney, Radamel Falcao និង Robin van Persie ប៉ុណ្ណេះវាពេញជើងល្អណាស់សម្រាប់ Man Utd ក្នុងការស្វែងរក ៣ពិន្ទុបន្ថែម ខណៈដែល West Ham ឥតមានខ្សែប្រយុទ្ធមាឌធំខ្ពស់ Andy Carroll ទេនោះដោយសាររបួស ។
ចំណែកឯកខ្សែប្រយុទ្ធរបស់ West Ham United វិញនឹងមិនអាចបំបែកប្រព័ន្ធការពារ ដ៏ពេញជើងរបស់ Man Utd បាន នោះទេ តែយ៉ាងណាមិញភាពចៃដន្យ និងការធ្វេសប្រហែសណាមួយអាចនឹងកើតឡើង ដោយយថាហេតុ ឬក៏អាចបង្ក ជាកំហុសណាមួយ នៅក្នុងប្រអប់គ្រោះថ្នាក់ក៏ថាបាន ព្រោះបាល់មូលលទ្ធផល ជាក់ស្តែងពិតប្រាកដ មានតែក្រោយបញ្ចប់ នៃការប្រកួត ពេញម៉ោងទើបដឹងច្បាស់ ។ ៣ប្រកួតផ្សេងទៀត នៅទឹកដីក្រៅផ្ទះរបស់ Man Utd គឺលេងបានស្មើ ០-០ ទល់នឹងក្រុម Burnley, លេងស្មើ ១-១ ទល់នឹងក្រុម Sunderland មុនទៅចាញ់ក្រុម Leciester City ៥-៣ កាលពី សប្តាហ៍ទី៥ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល