CamNews

យល់ដឹង 

លាងដៃ​នៅពេល​ខឹង នឹង​ជួយ​ឱ្យមាន​អារម្មណ៍ ស្រស់ថ្លា ឡើងវិញ

ការស្រាវជ្រាវ​មួយ​នាពេលថ្មីៗនេះ របស់​ក្រុម​អ្នកវិទ្យាសាស្ដ្រ​អាល្លឺម៉ង់ បាន​បង្ហាញថា ក្រោយ​បរាជ័យ ឬ​ខឹងសម្បារ នោះ​ការ​លាងដៃ បោក​ខោអាវ​ដោយ​ដៃ នឹង​នាំឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា និង​ជឿជាក់​ឡើងវិញ។

បណ្ឌិត Kai Kaspar មកពី​សកល​វិទ្យាល័យ Cologne របស់​អាល្លឺម៉ង់ បានធ្វើការ​ស្រាវជ្រាវ​អំពី​បញ្ហា​ខាងលើនេះ បន្ទាប់ពី​មាន​ព្រឹ​ត្ដិ​ការណ៍​អាក្រក់​កើតឡើង។ លោក​កត់សម្គាល់​ឃើញថា បណ្ដា​មនុស្ស​ដែល​លាងដៃ​ក្រោយ​ទទួល​បរាជ័យ​រឿង​អ្វីមួយ បាន​ប្រែ​មក​មានការ​ជឿជាក់​ជាង​មុន ដើម្បី​បន្ដធ្វើ​ឱ្យបាន​សម្រេច​កិច្ចការ​របស់ខ្លួន នាពេលខាងមុខ។

បណ្ឌិត Kaspar បាន​អញ្ជើញ​មនុស្ស​ចំនួន ៩៨នាក់ ឱ្យចូល​រួម​ដោយ​ស្ម័គ្រចិត្ត​នៅក្នុង​ការស្រាវជ្រាវ​នេះ ហើយ​ពួកគេ​ត្រូវបាន​បែងចែក​ជា ៣ក្រុម។ នៅក្នុង​វគ្គ​ដំបូង​នៃ​ការពិសោធ ក្រុម​អ្នកចូលរួម​ត្រូវ​បាន​​គេ​ដាក់ឱ្យ​ធ្វើការ​មួយ​ដែល​មិនអាច​ទៅរួច។ នៅពេល​អ្នក​រាល់គ្នា​បរា​ជ័យ ពួកគេ​ក៏ត្រូវ​​បាន​ស្នើ​ឱ្យទៅ​លាងដៃ។

ក្រោយពី​បាន​លាងដៃ ទាំងអស់គ្នា​បង្ហាញ​អំពី​អារម្មណ៍​ជឿជាក់ថា ពួកគេ​នឹងធ្វើ​សម្រេច​ភារកិច្ច​ដែល​បានដាក់​មក ក្នុងពេល​ខាងមុខ។ ប៉ុន្ដែ មិនមែន​អ្នកណា​ក៏​សុទ្ធតែ​សម្រេចបាន​ជោគជ័យ​នូវ​ភារកិច្ច​ប្រកបដោយ​ភាពល្អប្រសើរ ចំពោះ​ការស្នើ​ឱ្យធ្វើ​អ្វីមួយ​នាពេល​បន្ទាប់។

បណ្ឌិត Kaspar បកស្រាយ​ថា ៖ “នៅពេល​បាន​លាង​សម្អាត​រាងកាយ អ្នកនឹង​អាច​បំបាត់​នូវ​អារម្មណ៍​មិនល្អ ប៉ុន្ដែ​វា​ក៏បាន​កាត់បន្ថយ​កម្លាំង​ជម្រុញ​ខ្លះ ក្នុង​ការជួយ​ឱ្យ​អ្នក​ប្រឹងប្រែង​ថែមទៀត” ។

ការស្រាវជ្រាវ​មួយ​ផ្សេងទៀត​កាលពី​មុននេះ របស់​សកល​វិទ្យាល័យ Michigan ក៏បាន​រកឃើញថា សកម្មភាព​លាងដៃ ទន្ទឹមនឹង​ការធ្វើ​ឱ្យដៃ​បាន​ស្អាត វា​ក៏​ជួយ​បណ្ដេញ​ភាព​តប់ប្រមល់ និង​អារម្មណ៍​តានតឹង​ផងដែរ។ អ្នកវិទ្យាសាស្ដ្រ​ក៏បាន​អះអាងថា មនុស្ស​ដែល​បាន​លាងដៃ បន្ទាប់ពី​បានធ្វើការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ នឹងមាន​អារម្មណ៍ល្អ និង​ជឿជាក់​ទៅលើ​ជម្រើស​របស់ខ្លួន ជាង​មនុស្ស​ដែល​មិនបាន​លាងដៃ។

ការស្រាវជ្រាវ​ខាងលើ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី វិទ្យាសាស្ដ្រ​ចិត្តសាស្ដ្រ​សង្គម និង​បុគ្គ​លិក​លក្ខណៈ (Social Psychological and Personality Science)។

 

អត្ថបទ​សំខាន់​ៗគួរ​ចាប់​អារម្មណ៍ ៖

វិធីសង្គ្រោះជីវិតបន្ទាន់ នៅពេលជួបគ្រោះថ្នាក់ រថយន្ដធ្លាក់ចូលទឹកជ្រៅ

៦យ៉ាង ធ្វើឱ្យមិត្តប្រុសឈ្លក់វង្វង បាក់ចិត្តស្រលាញ់ ដកចិត្តបាន

ពេល​វេ​លា​ដែល​ស្ដ្រី​ មាន​អារម្មណ៍​ផ្លូវ​ភេទ

 


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Daily Mail