យល់ដឹង ៖ «ការរងទុក្ខវេទនាពីអតីតកាល បានធ្វើឲ្យខ្ញុំរកឃើញអនាគតដ៏ភ្លឺស្វាង ព្រោះខ្ញុំបានរៀនពីអតីតកាលដើម្បីវែកផ្លូវរកអនាគតហើយវាបាន ធ្វើឲ្យខ្ញុំចេះគ្រប់គ្រងជីវិតខ្លួនឯង»។ នេះ ជាការលើកឡើងរបស់លោក ម៉ៅ សុខុម ដែលបានប្រែខ្លួនពីក្មេងកំព្រាទៅជាមនុស្សម្នាក់ ដែល មនុស្សគ្រប់គ្នាលើទឹកដីអាមេរិកទទួលស្គាល់ថា គាត់ទទួលបានជោគជ័យ។
ជោគជ័យត្រង់ថា កាលពី ១៩ ខែឧសភា ឆ្នាំ ២០១៥ សុខុម ទទួល បានងារ កិត្តិយសពីកម្មវិធី White House Champion of Change ជាកម្មវិធីទទួលស្គាល់ប្រជាជនអាមេរិក ដែលធ្វើសកម្មភាព នានាក្នុង គោលបំណងធ្វើការផ្លាស់ប្តូរសង្គមរស់នៅឲ្យប្រសើរឡើង។
លោក សុខុម ជាយុវជន កម្ពុជា អាមេរិក វ័យក្មេង និង ជា លើកដំបូងដែលបម្រើការជាស្នងការ និងប្រធាន ក្រុមប្រឹក្សាភិបាលរបស់ប៉ូលិសនៃក្រុង Oakland ហើយលោកក៏ជាស្នងការយុត្តិធម៌អនីតិជន (a Juvenile Justice Commissioner) មួយរូបសម្រាប់ Alameda County ផងដែរ។
ក្នុងរយៈពេល ៤ ឆ្នាំនៃតួនាទីខាងលើ លោក សុខុម មានតួនាទី ឃ្លាំមើល ភាពខុសឆ្គងណាមួយរបស់មន្ត្រីប៉ូលិស ។ លោក មាន សិទ្ធ ចេញលិខិតពិន័យមន្ត្រីប៉ូលិស បើ រក ឃើញថា មានកំហុសវិជ្ជាជីវៈផ្លូវការណាមួយ។
លើសពីនេះទៀតលោក ក៏ជាមន្ត្រីនៃតុលាការផងដែរ ដោយលោកបម្រើការជាស្នងការយុត្តិធម៌អនីតិ ជនដែលមានតួនាទីជាអ្នក ឃ្លាំមើលលើការត្រួតពិនិត្យក្នុងពន្ធនាគារអនីតិជននៅ Alameda County»។ តាមរយៈការផ្តល់ កិត្តិយស ពីសេតវិមាន និងភាពជោគជ័យនេះ លោក សុខុម ពោលថា៖ «ខ្ញុំយកភាពជោគជ័យ នេះមកប្រើដើម្បីជួយដល់អ្នកដែលត្រូវការ និង ដើម្បី នាំយកមកនូវសង្គមមួយដែលកាន់ តែមានក្ដីស្រឡាញ់ និងសន្តិភាព។ ខ្ញុំមាន ក្តីរំភើបណាស់ដែលអាចក្លាយជាភ្នាក់ងារនៃការផ្លាស់ ប្តូរ សម្រាប់ភាពប្រសើរឡើងនៃសង្គម»។
វាមិនមែនជារឿងងាយនោះទេក្នុងការធ្វើអ្វីមួយ ហើយ ទទួល បានជោគជ័យ ជាពិសេសគឺនៅលើទឹក ដី សហរដ្ឋអាមេរិក។ លោក សុខុម ពោលថា ៖ «កត្តាដែលធ្វើឲ្យខ្ញុំជោគជ័យមកដល់សព្វថ្ងៃ នោះគឺ ដោយសារ តែ មនុស្ស គ្រប់គ្នាផ្តល់ជំនឿមកលើខ្ញុំ។ ខ្ញុំតែងតែអនុវត្តតាមនូវទ្រឹស្តីល្អៗ ដែលផ្តល់នូវសន្តិភាព និង យុតិ្តធម៌»។
មានកំណើតនៅទីក្រុង Oakland រដ្ឋ California នៃសហរដ្ឋ អាមេរិក លោក ម៉ៅ សុខុម ជាក្មេងកំព្រាម្តាយ តាំងពីអាយុ ៩ ឆ្នាំ។
ក្រោយមកលោក និងបងប្អូនប្រុសស្រីទាំង ៥ នាក់ទៀត ត្រូវ បាន គេយកចិញ្ចឹមនៅមូលដ្ឋានប្រព័ន្ធថែរក្សាកូនចិញ្ចឹមរដ្ឋ កាលីហ័្វរនីញ៉ា។ ឪពុកម្តាយរបស់លោក សុខុម ជាជនភៀសខ្លួន ដែលរត់គេចពីសង្គ្រាមក្នុងសម័យ ខ្មែរ ក្រហម ប៉ុល ពត ។ លោក សុខុម បានរំឭកថា៖ «ឪពុកម្តាយរបស់ខ្ញុំតែងតែ ប្រាប់ រឿង អតីតកាល ពីភាពលំបាកជូរចត់នូវនៃសង្គ្រាមស៊ីវិល ក្នុងសម័យនោះ»។ បន្ទាប់ពីផ្លាស់ប្តូរការរ ស់នៅពីមជ្ឈមណ្ឌលកុមារកំព្រា លោក បានមានវត្តមាន នៅមណ្ឌលយុវជន Bay Area Youth Centers ជាទីកន្លែង ដែលផ្តល់ការគាំពារ និងលើកទឹកចិត្តដល់រូបលោកឲ្យមានការសិក្សា និងបន្តការសិក្សា។
លោក បានបញ្ចប់សញ្ញាបត្រ Bachelors of Arts Degree ពីសាកលវិទ្យាល័យ San Francisco State University។ លោក ក៏ជាអគ្គរដ្ឋទូតតំណាងកម្មវិធី Guardian Scholars Program ដែលត្រូវបានបង្កើត ឡើងក្នុងគោលបំណងជួយយុវជន ម្តាយចិញ្ចឹម ទទួល បានការអប់រំ បាន ខ្ពស់ ផងដែរ។ ក្រៅពីនេះ លោក មាន ជំនាញ ទិន្នន័យទៅលើ កា រ សិក្សាស្រាវជ្រាវ ក៏ដូចជា ទៅលើក្រុមវិភាគនៃមជ្ឍមណ្ឌល California Social Work Education Center។
លោក ម៉ៅ សុខុម បានពោលថា ដើម្បីទទួលបានជោគជ័យយើងត្រូវមើលចិត្ត និង ចំណង់របស់យើងឲ្យច្បាស់ថា ចង់ធ្វើអ្វីមួយ ហើយប្រើប្រាស់ជាអំពើ ល្អមួយសម្រាប់ពិភពលោក។ អ្វីក៏ដោយមិនថា តែជាតន្ត្រីករ អ្នកអក្សរសាស្ត្រ អ្នកវិទ្យាសាស្ត្រ ពាណិជ្ជករ អ្នកច្បាប់ ពេទ្យ ឬការងារអ្វីមួយនោះទេ គឺយើងត្រូវប្រឈមមុខប្រកួតប្រជែងដោយប្រើធនធានរបស់ យើង ដែលជំរុញឲ្យយើងទទួលបានផលវិជ្ជមានជីវិត៕
- អាន ៖ បញ្ញាវ័ន ខ្មែរ ម៉ៅ សុខុម ជោគជ័យលើដី US ល្បីខ្ទរខ្ទារ ពេញ សេតវិមាន
ប្រភព ៖ ប៉ុស្តិ៍ខ្មែរ និង linkedin