(អង់គ្លេស)៖ ការរាំ គឺជាឱសថដ៏ល្អបំផុត សំរាប់ជីវិតប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗ។ មិនតែប៉ុណ្ណោះ វាក៏ជាវិធីដ៏ប្រសើរ ដើម្បីរំសាយនូវអារម្មណ៍តប់ប្រមល់ ភាពតានតឹង និងធុញថប់នានា។ ចលនារាងកាយ ដែលធ្វើសកម្មភាពជាមួយនឹង ចង្វាក់នៃតន្ត្រី ត្រូវបានគេជឿជាក់ថា វាអាចធ្វើមនុស្សមានអារម្មណ៍ស្រស់ស្រាយ និងរំសាយពីទុក្ខកង្វល់ ផ្សេងៗ។
នេះបើយោងតាមប្រភពព័ត៌មាន វេជ្ជសាស្រ្ត Medicine news today ចេញផ្សាយនៅថ្ងៃអង្គារ ទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៦។
ការរាំតាមចង្វាក់ភ្លេង អាចធ្វើឲ្យរាងកាយ ធ្វើតាមចង្វាក់ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ សប្បាយរីករាយ។ ជាពិសេស ប្រសិនបើការរាំនេះ មានលក្ខណៈជាក្រុម វារឹតតែអាចធ្វើឲ្យអ្នកមាន អារម្មណ៍ប្រសើរឡើង។
ចំពោះអ្នកដែលមានបំណង ចង់សម្រកទម្ងន់ វារឹតតែជាការប្រសើរ ពីព្រោះ ប្រសិនបើពួកគេចំណាយពេល យ៉ាងហោចណាស់១ម៉ោង ក្នុងមួយថ្ងៃ ការសម្រកទម្ងន់របស់ពួកគេ នឹងប្រព្រឹត្តទៅដោយភាពជោគជ័យ។
នៅពេលណាក៏ដោយ ដែលអ្នកមានអារម្មណ៍ថា អផ្សុក និងក្រៀមក្រំ ប្រសិនបើអ្នកបើកស្តាប់នូវបទចម្រៀង ដែលជាចំណង់ចំណូលចិត្តរបស់អ្នក ហើយចាប់ផ្តើមរាំ នោះវានឹងអាចធ្វើឲ្យអ្នកបំភ្លេចចោល នូវក្តីកង្វល់អស់ទាំងនោះ។
ដូច្នេះហើយ នេះគឺជាមូលហេតុដែល មនុស្សជាច្រើនទៅក្លឹបរាំ ជារៀងរាល់សប្តាហ៍ ដើម្បីរំលាយនូវភាពតានតឹង របស់ពួកគេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង