បុគ្គលម្នាក់ៗ គឺជាកោសិកានៃសង្គមដែលតែងតែ មានទំនាក់ទំនងជាមួយគ្នា ទៅវិញទៅមក ។ ដំណើរជីវិត របស់មនុស្សយើងម្នាក់ៗ តិចឬច្រើនតែងរងឥទ្ធិពលពីមនុស្ស ដែលយើងប្រាស្រ័យទាក់ទងជាមួយ ។ មុខរបរ ការងារ ឬឯកទេសសិក្សាដែលយើងជ្រើសរើស តែងកើតឡើងពីការផ្តល់ យោបល់ពីអ្នកនៅជុំវិញខ្លួន ។ ការរាប់អានមនុស្សឲ្យបានច្រើនគឺជា កត្តាគន្លឹះមួយដែលនាំទៅរកភាពជោគ ជ័យក្នុងជីវិត ព្រោះមនុស្សយើងចូលចិត្តធ្វើការ ឬរកស៊ីតែជាមួយមនុស្ស ដែលគេស្គាល់ទុកចិត្តតែប៉ុណ្ណោះ ។
ក្នុងការរាប់អានមនុស្ស យើងមិនត្រូវគិតតែពីបរិមាណទេ យើងត្រូវគិតពីគុណភាព ។ យើងត្រូវជ្រើសរើសយក មនុស្សណាដែលខ្លាំង ជាងយើង នៅក្នុងអង្គភាពរបស់យើង ឬនៅក្នុងអាជីពដូចគ្នា ។ អ្នកនោះជាមនុស្សដែលអាច បង្ហាត់បង្ហាញផ្លូវដល់យើងបាន ។ យើងគួរគិតរំពៃរកមនុស្សណា ដែលអាចជួយនាំយើង ឆ្ពោះទៅមុខ ទៅរកអនាគតភ្លឺស្វាងជាងមុន ។
ចូរចាប់ផ្តើមពីក្នុងអង្គភាពរបស់យើងជាមុន ដោយព្យាយាមបង្កើន ទំនាក់ទំនងល្អជាមួយថ្នាក់លើ ។ មធ្យោបាយមួយក្នុងការ បង្កើតទំនាក់ទំនងល្អ គឺការចូលទៅស្នើសុំ ប្រឹក្សាយោបល់ពីគាត់អំពី ការអភិវឌ្ឍវិជ្ជាជីវៈ ឬកសាងសមត្ថភាពការងារ ។ ក្រៅពីនោះគួរសម្តែងឲ្យឃើញអំពី ទឹកចិត្តស្រឡាញ់ការងារ ចង់ចេះចង់ដឹង និងចង់ធ្វើកិច្ចការថ្មីៗថែមទៀត ជាជាងគិតតែពី សុំដំឡើងប្រាក់ខែ ។ ចៅហ្វាយនាយប្រាកដ ជាស្រឡាញ់ចូលចិត្ត ។
មិនថាយើងធ្វើការក្នុងវិស័យអ្វី ឬនៅកន្លែងណាទេ យើងត្រូវចូលរួមជាមួយ សមាគមវិជ្ជាជីវៈរបស់យើងជានិច្ច ព្រោះទីនោះមាន មនុស្សជាច្រើនដែលអាចជួយគាំទ្រយើងបាន ។ ចូរស្ម័គ្រចិត្តជួយសកម្មភាព សមាគម និងបង្ហាញឲ្យគេឃើញ ពីសមត្ថភាព និងកិច្ចដែលយើងធ្វើ ។ មនុស្សខ្លាំងៗនៅទីនោះ នឹងសង្កេតមើលយើង និងទទួលស្គាល់ ស្នាដៃរបស់យើង ហើយពេលយើងជួប បញ្ហាគេប្រាកដជាជួយវិញ ។
ចូរអនុវត្តន៍ដូចខាងក្រោម ដើម្បីកសាងបណ្តាញទំនាក់ទំនង៖
១. ចងក្រងជាឯកសារនូវរាល់មនុស្សដែលយើងស្គាល់ និងមានសក្តានុពល
២. លើកកម្ពស់ទំនាក់ទំនងដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង
៣. ស្វែងយល់បន្ថែមពីអ្នកដែលយើងស្គាល់ តើពួកគេស្គាល់នរណាខ្លះទៀត?
៤. កសាងទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅក្នុងសមាគម អង្គការ និងក្លឹបផ្សេងៗ
៥. ប្រើប្រាស់ Internet ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលខ្លាំងៗ ដូចជាតាមរយៈ Facebook, LinkedIn (មិនទាន់សូវពេញនិយមនៅកម្ពុជា) ឬបណ្តាញសង្គមមួយចំនួនទៀត
៧. ឧស្សាហ៍ទាក់ទងជាមួយមនុស្ស ដែលពូកែខាងទំនាក់ទំនង និងរៀនសូត្រពីគេ ៕
ផ្តល់សិទ្ធដោយ ៖ Dap