ភ្នំពេញ៖ ដោយមានការ សំណូមពរពី ប្រិយមិត្តអ្នកអាន និងគាំទ្រ ចង់ដឹងអំពីប្រភេទស្លាកលេខរថយន្ដ ដែលកំពុងប្រើប្រាស់នៅ ក្នុងប្រទេសកម្ពុជានោះ ពេលនេះយើងខ្ញុំសូម លើកយកនូវព័ត៌មានខ្លះៗ អំពីប្រភេទ និងការប្រើប្រាស់ស្លាក លេខនៅកម្ពុជា។
១-ស្លាកលេខរាជវាំង គឺមានសរសេរអក្សរ «រាជវាំង» និងមានលេខសម្គាល់ បញ្ជាក់ថា ជារថយន្តរបស់ព្រះបរមរាជវាំង។
២-ស្លាកលេខព្រឹទ្ធសភា គឺមានដាក់អក្សរថា «ព្រឹទ្ធសភា» និងលេខសម្គាល់ ៣ខ្ទង់ សម្រាប់ប្រើប្រាស់នៅព្រឹទ្ធសភា និងត្រូវបានប្រគល់សិទ្ធិប្រើប្រាស់ដល់ សមាជិកព្រឹទ្ធសភាមួយចំនួន។ ឧទាហរណ៍៖ ព្រឹទ្ធសភា 2-001 ។
៣-ស្លាកលេខរដ្ឋសភា គឺមានដាក់អក្សរថា «រដ្ឋសភា» និង លេខសម្គាល់ ៣ខ្ទង់ សម្រាប់ប្រើប្រាស់នៅរដ្ឋសភា និងឲ្យដល់សមាជិករដ្ឋសភា មួយចំនួនផងដែរ។ ឧទាហរណ៍ ៖ រដ្ឋសភា 2-002 ។
៤-ស្លាកលេខរដ្ឋ គឺមានដាក់អក្សរ «រដ្ឋ» គឺជាស្លាកលេខដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាលក្រសួង និងស្ថាប័នរដ្ឋផ្សេងៗ (មានលេខសម្គាល់សម្រាប់បញ្ជាក់ថាក្រសួងណា) និង មានលេខសម្គាល់់ចំនួន ៣ខ្ទង់។ ឧទាហរណ៍៖ រដ្ឋ៣ 2-099, រដ្ឋ១២ 2-007 ជាដើម។
៥-ស្លាកលេខរាជរដ្ឋាភិបាល គឺមានដាក់អក្សរ «រាជរដ្ឋាភិបាល» គឺបញ្ជាក់អ្នកដែលប្រើប្រាស់រថយន្តស្លាកលេខនេះ ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមានដាក់លេខសម្គាល់ផងដែរ។
៦-ស្លាកលេខ នប ឬ នគរបាល គឺមានដាក់អក្សរ «នគរបាល» បញ្ជាក់ថា ជារថយន្តរបស់អង្គភាពនគរបាល ចំណុះឲ្យអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដោយបានលេខសម្គាល់ ៤ខ្ទង់។ ឧទាហរណ៍៖ នគរបាល 2-0001។
៧-ស្លាកលេខ ខម ឬ ខេមរភូមិន្ទ គឺមានដាក់អក្សរ «ខេមរភូមិន្ទ» និង មានលេខសម្គាល់ ៤ខ្ទង់ បញ្ចាក់ថា ជារថយន្តប្រើឲ្យអង្គភាពនានា ចំណុះឲ្យក្រសួងការពារជាតិ ដែលបូករួមទាំង កងរាជអាវុធហត្ថផងដែរ។ ឧទាហរណ៍៖ ខេមរភូមិន្ទ 2-0001 ។
៨-ស្លាកលេខសម្រាប់ពលរដ្ឋទូទៅ តាមរាជធានី និងខេត្ត គឺជាស្លាកលេខសម្គាល់រថយន្ត ដែលមានដាក់ឈ្មោះ រាជធានី-ខេត្ត។ ឧទាហរណ៍ ៖ ភ្នំពេញ 2A-8888, តាកែវ 2A-9999 ជាដើម។
៩-ស្លាកលេខ ស្ថានទូត និងស្ថានកុងស៊ុល គឺមានដាក់អក្សរ «CD» និងមានលេខសម្គាល់ (ស្លាកលេខពណ៌លឿង) បញ្ជាក់ថា ជារថយន្តសម្រាប់ប្រើប្រាស់ក្នុងស្ថានទូត និងអគ្គកុងស៊ុលអន្តរជាតិ។
១០-ស្លាកលេខរបស់អង្គការ ក្រៅរដ្ឋភិបាល គឺដាក់អក្ស «OI» ឬ «NGO» និងមានលេខសម្គាល់ ៤ខ្ទង់ បញ្ជាក់ថា ជារថយន្តប្រើប្រាស់ក្នុង អង្គការក្រៅរដ្ឋាភិបាល។
១១-ស្លាកលេខអង្គកាសហប្រជាជាតិ គឺដាក់អក្ស «UN» និងលេខសម្គាល់ បញ្ជាក់ថា ជារថយន្តប្រើឲ្យសកម្មភាព របស់អង្គការសហប្រជាជាតិ (UN) ។
១២-ស្លាកលេខរបស់ ក្រុមហ៊ុនឯកជន វិនិយោគលើ វិស័យដឹកជញ្ជូន គឺមានដាក់អក្ស «AT» និងលេខសម្គាល់ មានស្លាកលេខពណ៌លឿង ដូចនឹងស្លាកលេខ របស់ស្ថានទូតដែរ បញ្ជាក់ថា រថយន្តដែលពាក់ស្លាកលេខ AT នេះ ជារបស់ក្រុមវិនិយោគឯកជន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល