កូរ៉េខាងជើង៖ យោងតាម សារព័ត៌មាន ឯករាជ្យមួយ បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០១៤ កន្លងទៅនេះថា រដ្ឋាភិបាលកុម្មុយនិស្តកូរ៉េខាងជើង បានកាត់ទោសប្រហារជីវិតដោយ ផ្ទាល់ចំពោះញាតិសណ្តាន ទាំងអស់ ដែល ជាប់ពាក់ព័ន្ធទៅនឹងពូថ្លៃរបស់មេដឹកនាំ គីម ជុងអ៊ុន ដែលត្រូវបានកាត់ទោសប្រហារជីវិត កាលពីខែធ្នូ កន្លងមក នេះ។
សេចក្តីរាយការណ៍ខាងលើនេះ បានបញ្ជាក់ទៀតថា ការសម្លាប់រាល់ញាតិសណ្តានបែបនេះ គឺ កូរ៉េខាងជើង មានគោលបំណង ចង់ជីកស្មៅ ជីកទាំងឬស ចំពោះក្រុមដែលត្រូវបានគេចោទ ប្រកាន់ថាក្បត់ជាតិ និង មានគោល បំណងចង់ដណ្តើមអំណាចពីមេដឹកនាំកំពូលនោះ។
ប្រភពមិនបញ្ចេញឈ្មោះមួយបាន ប្រាប់សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងថា “ការ កាត់ទោសប្រហារជីវិត ទាំងកម្រោលនេះ ត្រូវបានធ្វើឡើងទៅលើញាតិសណ្តានដែលជាប់ ពាក់ព័ន្ធទាំងអស់របស់ពូថ្លៃលោក គីម ជុងអ៊ុន គឺលោក ចាង សុងថេក។”
គួរបញ្ជាក់ថា ញាតិសណ្តានមួយចំនួនរបស់លោក ចាង សុងថេក ត្រូវបានរដ្ឋាភិបាលកូរ៉េខាង ជើង កោះហៅ ជាបន្ទាន់មកកាន់ទីក្រុងព្យុងយ៉ាង ហើយក្នុងនោះរួមមានអគ្គរដ្ឋទូតរបស់ខ្លួន នៅប្រទេសគុយបា និង ម៉ាឡេស៊ី, ប្អូនស្រីបង្កើតរបស់លោក ចាង រួមទាំងស្វាមី, ក្មួយប្រុស របស់លោក ចាង រួមទាំងកូនប្រុសពីរនាក់ទៀត ត្រូវបាន គេសម្លាប់។
ដោយឡែកកូនប្រុស កូនស្រី និង ចៅ នៃបងប្រុសទាំងពីររបស់លោកចាង ក៏ត្រូវបានគេ ប្រហារជីវិតផងដែរ ប៉ុន្តែ មិនមានព័ត៌មានថា ពួកគេស្លាប់ដោយរបៀបណានោះទេ។ ចំពោះ មនុស្សផ្សេងទៀតត្រូវបានគេបាញ់សម្លាប់ ដោយកាំភ្លើងដៃនៅចំពីមុខ មនុស្សម្នាទូទៅ នៅ គេហដ្ឋានរបស់ញាតិសណ្តានលោកចាង ទាំងនោះតែម្តង។
គួរបញ្ជាក់ថាលោក ចាង សុងថេក ត្រូវជាពូថ្លៃរបស់លោក គីម ជុងអ៊ុន ហើយបន្ទាប់ពីឪពុក របស់លោក គឺលោក គីម ជុងអ៊ីល ទទួលមរណភាពកាលពីខែធ្នូឆ្នាំ ២០១១ នោះ លោក ចាង ត្រូវបានតែងតាំងឲ្យដើរតួនាទីជាទីប្រឹក្សា ផ្ទាល់ ជួយជ្រោលជ្រែងអំណាចរបស់លោក គីម ជុងអ៊ុន ជាក្មួយ។ លោក ត្រូវបានក្មួយខ្លួនកាត់ទោស ប្រហារជីវិត ក្រោមបទចោទប្រកាន់ថា បានលួចលាក់ប្រព្រឹត្តទង្វើក្បត់ និង គ្រោងដណ្តើមអំណាច ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល