CamNews

ព័ត៌មានបច្ចេកវិទ្យា 

តិចទៀត បានប្រើ Samsung Note 9 ហើយ! ក្រុមហ៊ុនសាំសុងច្រឡំបង្ហោះវីដេអូសាំសុង Note 9ធ្វើឱ្យភ្ញាក់ផ្អើល

ក្រុមហ៊ុន​សាំសុងប្រទេញូវស៊ីលែន ច្រឡំដៃបង្ហោះដោយចៃដុន្យ នូវវីដេអូមួយ ដែលរៀបរាប់ពីលក្ខណៈសម្បត្ដិដ៏ទំនើបចុងក្រោយនៃទូរសព្ទ Samsung Galaxy Note9 ដែលក្រុមហ៊ុននេះ គ្រោងនឹងប្រកាសចេញលក់ជាសាធារណៈ ក្នុងពេលខាងមុខដ៏ខ្លី។

វីដេអូនោះ ត្រូវបានគេហទំព័របច្ចេកវិទ្យា SamMobile ឃើញមុនគេ មុនពេលដែលក្រុមហ៊ុនខាងលើបិទចោល ក៏ប៉ុន្ដែវីដេអូដូចគ្នានេះមួយគ្លីបទៀត នៅតែផ្សាយផ្ទាល់ នៅទំព័រ YouTube។

គ្លីបវីដេអូខ្លីនោះ បង្ហាញឱ្យឃើញនូវទូរសព្ទទំនើប Galaxy Note9 និងប៊ិច S-pen របស់វា ដែលមានរូបរាងស្អាតប្រកបដោយការច្នៃប្រឌិតថ្មី។ ក្នុងគ្លីបវីដេអូ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនសាំសុង នឹងចេញលក់ម៉ូដែលមានទំហំផ្ទុកទិន្ន័យ ៥១២ ជីហ្គាបៃត៍(512 GB) ដោយទំហំនេះ ធំជាងទំហំផ្ទុកទិន្នន័យរបស់ស៊េរីទូរសព្ទថ្មីៗ ដែលទើបនឹងចេញលក់ក្នុងទីផ្សារដល់ទៅពីរដង មិនតែប៉ុណ្ណោះ Note 9 ស៊េរីថ្មីនេះ អាចដោតកាតផ្ទុកទិន្ន័យបន្ថែមរហូតដល់ ១ តេរ៉ាបៃត៍(1 TB) ដែលទំហំនោះ ធំលើសសេចក្ដីត្រូវការ របស់អ្នកនិយមប្រើប្រាស់ម៉ូដែលនេះទៅទៀត។

ផលិតផលទូរសព្ទមូដែល Galaxy Note របស់ក្រុមហ៊ុនសាំសុង បានទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមប្រើប្រាប់ជាបន្ដបន្ទាប់ ចាប់តាំងពីការប្រកាសលក់ក្នុងទីផ្សារនៃម៉ូដែល Galaxy Note ដំបូងគេ នៅក្នុងឆ្នាំ ២០១១ ម្ល៉េះ។ ទូរសព្ទម៉ូដែលនេះ បានបង្ហាញខ្លួន ក្នុងសម័យកាលថ្មីនៃការចេញលក់ទូរសព្ទស្មាតហ្វូន ដែលមានអេក្រង់ធំជាងទូរសព្ទធម្មតានាពេលនោះ។

ក្រុមហ៊ុនសាំសុង នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការព្រឹត្ដិការណ៍ប្រកាសជាសាធារណៈនូវទូរសព្ទម៉ូដែល Galaxy Note9 របស់ខ្លួន ក្នុងតំបន់ Brooklyn ក្រុងញ៉ូវយ៉ក នៅថ្ងៃព្រហស្បតិ៍ក្រោយ នៅពេលដែលក្រុមហ៊ុននេះនឹងផ្ដល់ព័ត៌មានផ្លូវការស្ដីពីទូរសព្ទម៉ូតថ្មីនេះ។ ក្រុមហ៊ុនសាំសុង បដិសេធមិនផ្ដល់អត្ថាធិប្បាយ ស្ដីពីការលេចធ្លាយវីដេអូនេះទេ៕ 

 


ប្រែសម្រួល៖ សារ៉ាត,

ប្រភព៖ ស៊ីអិនប៊ីស៊ី