ភ្នំពេញ៖ ទីបំផុតអ្នកលេងជង្គង់ទិព្វ-កែងឆេះ ឡុង សុភី បានក្លាយជា ម្ចាស់ក្រវាត់ខារ៉ាប៉ាវ អមជាមួយប្រាក់រង្វាន់ ៥.០០០ ដុល្លារយ៉ាងងាយ បន្ទាប់ពីបំបាក់អំណួត កីឡាករជើងខ្លាំង កែវ រំចង់ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៤ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៥ ។
ឡុង សុភី បានធ្វើឲ្យទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលគេឆ្លងផុតវគ្គជម្រុះ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយថែមទាំង បន្ដយកឈ្នះគូប្រកួត ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រទៀតនោះ ។ ដំបូងឡើយកីឡាករ មកពីក្លឹបសាលវន្តកីឡារូបនេះ គេមិនរំពឹងថា មានសំណាងឡើង ដល់វគ្គផ្ដាច់ព្រ័ត្រនោះទេ ប៉ុន្ដែអ្វីៗបែរជាខុស ពីការទស្សន៍ទាយទុកមុនទាំងអស់ ។
សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងជើងខ្លាំងទាំង២រូបខាងលើនៅក្នុង៣ទឹកដំបូង ពួកគេបានបើកការសម្រុកគ្នាទៅវិញទៅមក តែភាគច្រើន ឡុង សុភី វាយចូលច្រើន ខណៈ កែវ រំចង់ ច្រើនតែវាយត្រូវខ្យល់ ។ ដោយសារ សុភី មានជំហររឹងមាំ និងខ្ពស់ជាង គេមានឱកាសច្រើនណាស់ ដើម្បីបំបាក់កីឡាករ កែវ រំចង់ ។ លុះចូលដល់ទឹកទី៤ ស្របពេល រំចង់ ធ្វេសប្រហែសបើកឃុំតែបន្ដិច ឡុង សុភី ក៏បានប្រើកែងវាយបំបុកពេញទំហឹង ធ្វើឲ្យមានស្នាមបែក និងមានឈាមហូរយ៉ាងខ្លាំង រហូតដល់អាជ្ញាកណ្ដាល សម្រេចបញ្ឈប់ការប្រកួត ដោយសម្រេចឲ្យ សុភី ឈ្នះ កែវ រំចង់ ដោយស្វ័យប្រវត្តិតែម្ដង ។
នេះគឺជាជ័យជំនះទី៥របស់ ឡុង សុភី នៅក្នុងចំណោម១១ប្រកួត ដែលពួកគេជួបគ្នាលើសង្វៀន ក្នុងនោះ សុភី ឈ្នះ៥ប្រកួត ចាញ់ ៤ប្រកួត និងស្មើ២ប្រកួត ។ ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលលើកនេះ ពិតជាធ្វើឲ្យកេរ្ដិ៍ឈ្មោះ ឡុង សុភី ល្បីរន្ទឺកាន់តែខ្លាំងពិតមែន ព្រោះមុនឡើងប្រកួត ភាគច្រើនគេគ្មានជំនឿចិត្តលើកីឡាករ ឡុង សភី ថាអាចយកឈ្នះ កែវ រំចង បានឡើយ ។ ដោយឡែកការបរាជ័យរបស់ កែវ រំចង់ ក៏ទទួលប្រាក់រង្វាន់ចំនួន ៣.០០០ ដុល្លារអាម៉េរិកផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល