ព័ត៌មានអន្តរជាតិ ៖ ជើងហោះហើរចំនួន ៥ ត្រូវបានផ្អាក ពន្យាពេល ក៏ដូចជា ធ្វើការចុះចត
ជាបន្ទាន់ ខណៈក្រុមមន្រ្តីប៉ូលីសចិន ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត បន្ទាប់ពីទទួល
បានទូរស័ព្ទអានាមិក ដោយមានការគំរាមគំហែងបំផ្ទុះគ្រាប់បែក នេះបើយោងតាមសេចក្តី
រាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានបរទេស
អាស៊ីវ័ន ។
គួរបញ្ជាក់ផងដែរថា ជើងហោះហើរចំនួន ៥ ដែលត្រូវបានផ្អាក ពន្យាពេល ក៏ដូចជាធ្វើការ
ចុះចតជាបន្ទាន់ទាំងនោះ ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនអាការចរចិនរួមមានដូចជា៖
China Eastern Airlines, Juneyao Airlines ក៏ដូចជា Shenzhen Airlines ជាដើម។ លើស
ពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ជើងហោះទាំង ៥ នោះ ធ្វើដំណើរឆ្ពោះទៅខេត្ត
Guangdong ប្រទេសចិន ។
គួររំឭកផងដែរថា ការដែលទទួលបានទូរស័ព្ទអានាមិក ដោយមានការគំរាមគំហែងបំផ្ទុះ
គ្រាប់បែកលើកនេះ ត្រូវបានបង្កជាភាពភ្ញាក់ផ្អើលភ្លាមៗ នាវេលាព្រឹកថ្ងៃពុធនេះ ។ យ៉ាង
ណាមិញ បើយោងតាមសេចក្តីថ្លែងការណ៍ របស់នាយកដ្ឋានអាកាសចរស៊ីវិលចិន បាន
អោយដឹងថា ក្រុមមន្រ្តីជំនាញខាងតាមដានស៊ើបអង្កេត ក៏កំពុងតែចេញប្រតិបត្តិការរបស់
ខ្លួន ដើម្បីរកអោយឃើញ ជនដែលនៅពីក្រោយរឿងនេះ ។ ប្រភពសារព័ត៌មានដដែល
បន្ថែមថា បើសិនណា ការតាមដានស៊ើបអង្កេតប្រព្រឹត្តិទៅបានយ៉ាងរលូន និងឈានទៅ
ដល់ការចាប់ឃាត់ខ្លួន ភារវជនដែលនៅពីក្រោយរឿងនេះពិតប្រាកដមែននោះគេអាចនឹង
ប្រឈមមុខក្នុងការផ្តន្ទាទោស ដោយជាប់ពន្ធនាគារ ដល់ទៅ ១៥ ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មាន China News Service បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា
ទូរស័ព្ទអានាមិក ដោយមានការគំរាមគំហែង បំផ្ទុះគ្រាប់បែកលើកនេះ ត្រូវបាន call ចូល
កាលពីវេលាម៉ោង ៧ និង ៤០ នាទីព្រឹក ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយ
គេបានបញ្ជាក់ថា នឹងមានការបំផ្ទុះគ្រាប់បែកនៅលើជើងយន្តហោះ ហោះហើរ Shenzhen
Airlines' Flight ZH9243 ដែលជាចលករ ញ៉ាំងអោយមានការចុះចតជាបន្ទាន់ បន្ទាប់ពី
បានទទួលការហៅចូលលើកនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន