CamNews

ជីវិត និងការងារ 

គ្មាន​លុយ តែ​ក្លាយ​ជា​សេដ្ឋី ៖ ក្រោយ​ពី​ប្រើ​បច្ចេក​វិទ្យា បង្កើតឧបករណ៍ ​តាម​ដាន​ដំណេក

មនុស្សភាគច្រើនដែលស្ថិតក្នុងវ័យ ២៣ឆ្នាំ សុទ្ធសឹងតែ កំពុងស្វែងរកការងារធ្វើ ឬចាប់ផ្ដើម
បង្កើតមុខរបរ ក្រោយពីបញ្ចប់ការសិក្សា។ ចំណែក James Proud បុរសវ័យក្មេង ដើមកំណើត
អង់គ្លេស ទើបប្រមូលទុនបាន ១៣លានដុល្លារ ដើម្បីធ្វើឱ្យក្ដីស្រមៃសាមញ្ញរបស់ខ្លួន ក្លាយជា
ការពិត។

James Proud


ក្នុងវ័យ ២៣ឆ្នាំ James Proud គឺជា CEO របស់ក្រុមហ៊ុន Hello Inc. ដែលមានជំនាញក្នុងការ
ផលិត ឧបករណ៍តាមដានឥរិយាបទគេងរបស់មនុស្ស។ នេះគឺជាឧបករណ៍តូចមួយ ក្រោយពី
បំពាក់នៅកន្លែងគេង វានឹងថតយកសកម្មភាពនៃឥរិយាបទគេងរបស់អ្នកប្រើប្រាស់។ គំនិតនេះ
ជួយឱ្យអ្នករាល់គ្នា យកចិត្តទុកដាក់ច្រើនជាងមុន ទៅលើទម្លាប់នៃ​ការ​គេងពួក​គេ ដោយស្វែង
យល់ថា តើកត្តាណាខ្លះដែលនាំឱ្យពួកគេភ្ញាក់ នៅកណ្ដាលយប់។

ដើម្បីរកបានទុន James Proud បានប្រើប្រាស់ Kickstarter ដែលគេហទំព័រមួយ ជួយឱ្យអ្នកចង់
បង្កើតមុខរបរ អាចរកទុនពីអ្នកវិនិយោគទូទៅ ចាប់ពី ១ដុល្លារឡើងទៅ។ ចំណែក អ្នកវិនិយោគ នឹងទទួលបានប្រយោជន៍សមស្របនឹងខ្ទង់ប្រាក់ដែលខ្លួនបានដាក់ ប្រសិនគម្រោងទទួលបាន
ជោគជ័យ។

ដំបូង James Proud មានបំណងប្រមូលទុន តែ ១សែនដុល្លារ ដើម្បីផលិតឧបករណ៍តាមដាន
ដំណេក។ ប៉ុន្ដែ លទ្ធផលបានកើនលើសពីគម្រោងការ ពោលគឺប្រាក់ដែលប្រមូលបាន គឺ ២,៤
លានដុល្លារ បន្ទាប់ពីបានបញ្ចប់ការប្រមូលទុន នៅលើ Kickstarter កាលពីសប្ដាហ៍មុន។

មិនត្រឹមតែប៉ុណ្ណោះ ប្រាក់វិនិយោគនេះ បានកើនដល់ជិត ១៣លានដុល្លារអាមេរិក ក្រោយពីមាន
ការចាប់អារម្មណ៍ និងការបណ្ដាក់ទុនពីអ្នកវិនិយោគល្បីឈ្មោះ ដូចជា David Marcus (ធ្លាប់ជា
អគ្គនាយក PayPal ឬ Dan Rose (អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ម្នាក់ នៅ Facebook) និង Hugo Barra
អ្នកគ្រប់គ្រងរបស់ Xiamoi ដែលធ្លាប់ជាអ្នកទទួលខុសត្រូវនៃប្រព័ន្ធដំណើរការ Android នៅក្នុង
ក្រុម​ហ៊ុន Google ។

Proud ឱ្យដឹងថា គំនិតបង្កើតឧបករណ៍តាមដានដំណេកនេះ បានកើតឡើងពីប្រការដ៏សាមញ្ញ ៖
អ្នកណាៗ ក៏ត្រូវការគេង ហើយអ្នករាល់គ្នា ចង់ស្វែងរកវិធី ដើម្បីធ្វើឱ្យពួកគេ គេងបានស្កប់ជាង
មុន។

មហិច្ឆតានៃការបង្កើតផលិតផលថ្មី បានកើតមានឡើងក្នុងអារម្មណ៍របស់ Proud តាំងពីក្មេង។
ពេលអាយុ ៩ឆ្នាំ Proud បានរៀនអំពី HTML ដោយខ្លួនឯង និងរចនាគេហទំព័រ ចាប់ពីមានអាយុ
១២ឆ្នាំ។


Proud មិនធ្លាប់បានចូលរៀនមហាវិទ្យាល័យ បើទោះជាគាត់ចង់រៀន។ ក្រោយពីបញ្ចប់មធ្យម
សិក្សា Proud បានចូលរួមកម្មវិធីអាហារូបករណ៍របស់ស្ថាបនិក PayPal (មហាសេដ្ឋី Peter Thiel)
ក្នុងឆ្នាំ ២០១១។ កម្មវិធីសិក្សានេះ មានបំណងផ្ដល់ចំណេះដឹង និងខ្ទង់ប្រាក់ ដើម្បីសិក្ខាកាម
អាចអនុវត្តគំនិតជំនួញរបស់ខ្លួន ដោយខ្លួនឯង។

គម្រោងដំបូងរបស់ Proud គឺជាសេវាកម្មប្រមូលផ្ដុំចម្រៀង និងលក់ទៅឱ្យអ្នកវិនិយោគម្នាក់ បន្ទាប់​ពីគាត់បានបញ្ចប់ការសិក្សាអាហារូបករណ៍ នៅឆ្នាំ ២០១២។ លទ្ធផលនេះ បានជម្រុញឱ្យ Proud
ចាប់ផ្ដើមអនុវត្តគម្រោង ផលិតឧបករណ៍តាមដានដំណេក។ តាមគម្រោង ផលិតផលនេះ នឹងត្រូវ
បានលក់រាយ ក្នុងតម្លៃ ១២៩ដុល្លារ/គ្រឿង។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BI


Tags: James Proud CEO Hello Inc