ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីម្សិលមិញនេះ បានចេញ
ផ្សាយអត្ថបទមួយអោយដឹងថា បុរសម្នាក់ នៅក្នុងព្រៃប្រទេសឥណ្ឌូនេស៊ី បានទៅពិនិត្យ
មើលអន្ទាក់របស់ខ្លួន ថាតើបានសម្លាប់ខ្លាកំណាចបានឬក៏យ៉ាងណា ? តែផ្ទុយទៅវិញ ជា
មួយនឹងការដាក់អន្ទាក់ មិនបានខ្លាកំណាចនោះ ពួកគេដែលមានសមាជិក ៦ នាក់ ត្រូវ
បានខ្លាកំណាចមួយក្បាល ពួនលបចាំវាយប្រហារ ដេញរត់បាតជើង ស ព្រាត ដោយបាន
រត់ទៅលើដើមឈើ ដើម្បីជៀសវាងពីការហែកស៊ីពីសំណាក់ខ្លាកំណាចមួយក្បាលនេះ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស លោក Dicky Sondani មកពីកោះស៊ូម៉ាត្រា
ប្រទេសឥណ្ឌូនេស៊ី អោយដឹងថា ជាមួយនឹងការរត់គេចយកតែរួចខ្លួន បុរស ៥ នាក់ បាន
រួចផុតពីសេចក្តីស្លាប់ តែដោយឡែក ជាអកុសល បុរសម្នាក់ ក្នុងចំណោមបុរស ៦ នាក់
ត្រូវបានខ្លាកំណាចហែកស៊ី នៅនឹងមុខបុរស ៥ នាក់ទៀត ទំនងមកពីការរត់ឡើងដើម
ឈើមិនទាន់នឹងគេ។
គួររំឭកផងដែរ ដោយសម្ងំលាក់ខ្លួននៅលើដើមឈើ អស់រយៈពេល ១ ថ្ងៃ ១ យប់បុរស ៥
នាក់រូបនោះ អាចរស់ទៅបានជាមួយការផឹកទឹកសន្សើម ពួកគេទាំងអស់គ្នាត្រូវបានជូយ
សង្គ្រោះ ដោយក្រុមជូយសង្គ្រោះដែលមានសមាជិក ដល់ទៅ ៣០នាក់។ បុរស ២ រូប ក្នុង
ចំណោមពួកគេ ៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាកព្យាបាល
បន្ទាប់ពីទទួលរងរបួសធ្ងន់ និងស្រាល៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN