CamNews

កីឡាជាតិ 

វ៉ន វីវ៉ា ​ផ្ដួល​ថៃ Chea Rasak នៅ​ត្រឹមទឹក​ទី ៤ នាទីក្រុងប៉ោយប៉ែត (Video Inside)

ភ្នំពេញ៖ ការប្រកួតប្រដាល់ជាលក្ខណៈទេសចរណ៍របស់ សង្វៀន SEA-TV នៅទីក្រុងប៉ោយប៉ែតកាលយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ អ្នកប្រដាល់កម្ពុជា វ៉ន វីវ៉ា ក្លឹបព្រះខ័នរាជបានផ្ដួលអ្នកប្រដាល់ថៃ Chea Rasak នៅទឹកទី៤តែប៉ុណ្ណោះ ។

អ្នកប្រដាល់ថៃរូបនេះព្យាយាមវាយប្ដូរកែងជាមួយវីវ៉ា ក្នុងនាមជាកីឡាករមិនមែនជាអ្នកប្រដាល់ដែលស្រួលស៊ីឯណា គឺវីវ៉ាបានបញ្ចប់សកម្មភាពរបស់ Chea Rasak មុនស្នូរជួងបញ្ចប់ទឹកទី៤តែម្ដង ។

ដោយឡែកមិត្តរួមជាតិដូចគ្នា ឈាន ហុងក្លឹបក្រសួងការពារជាតិ ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Chea Sek ដោយពិន្ទុទាំងមិនអស់ចិត្ត ។ការប្រកួតដែលស្ថិតក្នុងស្ថានភាពតឹងតែងនោះ ឈាន ហុង ចាញ់ប្រៀបអ្នកប្រដាល់ថៃរូបនេះគេបានប្រើគ្រប់ កលល្បិចដើម្បីស្ដារពិន្ទុឡើង វិញតែស្ដារមិនរួច ។ ចប់ទឹកទី៥ ឈាន ហុង ចាញ់ Chea Sek ដោយពិន្ទុតែម្តង ។

រីឯ ផាន់ គ្រាន់ ក្លឹបគុជសារកីឡាវិញប្រកួតឈ្នះអ្នកប្រដាល់ថៃ Thy Deth ដោយពិន្ទុយ៉ាងតឹងតែង បន្ទាប់ពីប្រកួត៥ទឹក ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ពៅ ស៊ីយ៉េត ក្លឹបប៉ោយប៉ែតកីឡាប្រកួតស្មើពិន្ទុជាមួយ លាស់ យីន ក្លឹបបង្ក្រាបគ្រឿងញៀន ហើយ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតឈ្នះ សូត្រ ប៊ុនធី មកពីក្លឹបបក្សីស្លាបដែកដោយពិន្ទុ ។

ចំណែកលើសង្វៀន SEA-TV ព្រឹកថ្ងៃទី១១ ខែមករា អ្នកប្រដាល់ អ៊ុំ ចំរើន ក្លឹបតាឡីដំរីមានរិទ្ធិប្រើជើងផ្ដួលអ្នកប្រដាល់ សោម តឿទី ក្លឹបខ្លារខិនមានរិទ្ធិមុនស្នូរជួងបញ្ចប់ទឹកទី២ ។ ឯក កៃឈៀង ក្លឹបម្កុដរាជសីហ៍ប្រើជើងទាត់ នឿន វ៉ាន់ឌី ក្លឹបក្រសួងការពារជាតិឲ្យសន្លប់នៅពាក់កណ្ដាលទឹកទី១ និង ប៊ិត ប៊ុនធឿន ក្លឹបតាព្រហ្មមានជ័យប្រកួតឈ្នះ សាន រាជសីហ៍ ក្លឹបក្រសួងការពារជាតិដោយពិន្ទុ ។ ម៉ន រិទ្ធីក្លឹបព្រែកឯងកីឡាផ្ដួល សាង សី ក្លឹបឃ្លាំងមឿងកីឡានៅទឹកទី៣ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Boxing News Vorn Viva Vs Chea Rasak