CamNews

យល់ដឹង 

ប្រទេសដ៏ល្បីល្បាញទាំង ១០ នៅក្នុងពិភពលោក ខាងផ្នែកវះកាត់កែសម្ផស្ស

បច្ចុប្បន្ននេះ វិស័យវះកាត់កែសម្ផស្ស កំពុងត្រូវបានពេញនិយម យ៉ាងខ្លាំង សម្រាប់ប្រជាជជននៅ ជុំវិញពិភពលោក មិនថាតែបុរស នារី ក្មេង ឬចាស់ទេ គឺម្នាក់ៗសុទ្ធតែចង់បានរូបសម្ផស្ស ដ៏ស្រស់ស្អាតដូចគ្នា។ ហេតុដូចនេះ ទើបធ្វើឲ្យវិស័យមួយនេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងច្រើនពីអ្នកទាំងនោះ។ យ៉ាងណាមិញ បើទោះបីជាបណ្ដាលប្រទេស នៅជុំវិញពិភពលោក មានគ្លីនិកជាច្រើន សម្រាប់ធ្វើការវះកាត់ កែសម្ផស្សជាមួយនឹង តម្លៃដ៏សមរម្យ ដើម្បីជួយសម្រួល និងផ្តល់ជាភាពងាយស្រួល ដល់អ្នក ដែលចង់ទទួលយកសេវាកម្ម កែសម្ផស្សក៏ពិតមែន ប៉ុន្តែហាក់បីដូចជា មិនទាន់មានភាពល្អប្រសើរនៅទ្បើយទេ បើប្រៀបទៅនឹងប្រទេសមួយចំនួន។ ខាងក្រោមនេះ ជាបណ្ដាប្រទេស ដ៏ល្បីល្បាញទាំង ១០ នៅក្នុងពិភពលោក ខាងផ្នែកវះកាត់កែសម្ផស្ស៖

១. ប្រទេសកូរ៉េខាងត្បូង
ត្រូវបានគេទទួលស្គាល់ថា ជាមជ្ឈមណ្ឌលឈានមុខ គេខាងផ្នែកវះកាត់កែ សម្ផស្សដ៏ល្បីល្បាញបំផុតលំដាប់ទី ១ នៅក្នុងពិភពលោក ព្រោះការស្រាវជ្រាវមួយ បានបង្ហាញថាក្នុងឆ្នាំ ២០០៩ មានចំនួន ២០ ភាគរយនៃស្ត្រីរស់នៅទីក្រុងសេអ៊ូល បានធ្វើការវះកាត់កែសម្ផស្ស ហើយបើតាមការ ស្ទង់មតិក្នុងឆ្នាំ ២០១០ បានឲ្យដឹងទៀតថា មានចំនួនមនុស្សច្រើនជាង ៤៤.០០០នាក់ឯណ្ណោះ បានទទួលយកសេវា កម្មវះកាត់កែសម្ផស្ស។ ក្នុងនោះដែរ ការវះកាត់កែសម្ផស្សដ៏ពេញនិយម ជាងគេគឺ ការកែត្របកភ្នែក ពីជាន់ ច្រមុះ និងវះកាត់បូមយកខ្លាញ់ចេញ។


២. ប្រទេសក្រិក
បើទោះបីជាប្រទេសនេះ កំពុងជួបបញ្ហាសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យ វះកាត់កែសម្ផស្ស គឺស្ថិតនៅលេខរៀងទី ២ ក្នុងពិភពលោក។ ដោយសារតែបច្ចេកវិទ្យា ខាងផ្នែកវះកាត់កែសម្ផស្ស មានកម្រិតខ្ពស់ និងមានតម្លៃសមរម្យ ទើបធ្វើឲ្យមានការ ពេញនិយមយ៉ាងខ្លាំងពីសំណាក់ ប្រជាជនក្នុងប្រទេស និងប្រជាជនជុំវិញពិភពលោក។  


៣. ប្រទេសអ៊ីតាលី
ជាមជ្ឈមណ្ឌលវះកាត់កែសម្ផស្ស ដ៏លីល្បាញបំផុតលំដាប់ទី ៣ នៅក្នុងពិភពលោក ដែលត្រូវបានគេទទួលស្គាល់ថា មានឯកទេសល្អបំផុត ខាងផ្នែក បំបាត់សញ្ញា នៃភាពចាស់មុនអាយុ។ ទន្ទឹមនឹងនេះ អ្នកប្រហែលជាធ្លាប់បានស្គាល់ហើយ អំពីប្រភេទថ្នាំចាក់កែសម្ផស្ស ដើម្បីលុបបំបាត់ ស្នាមជ្រួញនៅរង្វង់ភ្នែក រោមចិញ្ចើម ថ្ពាល់ និងចង្កាដូចជាពពួក Botox និង Fillers ដែលត្រូវបានបណ្ដាល ប្រទេសជាច្រើន នាំចេញពីប្រទេសអ៊ីតាលី សម្រាប់យកទៅ បម្រើក្នុងសេវាកម្មកែសម្ផស្ស។ ក្នុងមួយឆ្នាំៗប្រទេសនេះ ទទួលបានអតិថិជនមកធ្វើការ កែសម្ផស្សចំនួន ៨១៥.០០០ នាក់ឯណ្ណោះ។


៤. ប្រទេសប្រេស៊ីល
ដោយសារមានការគាំទ្រពីរដ្ឋាភិបាលទៅ លើវិស័យវះកាត់កែសម្ផស្ស ទើបធ្វើឲ្យតម្លៃក្នុងការ ទទួលយកសេវាកម្មវះកាត់កែសម្ផស្ស នៅក្នុងប្រទេសថោក ព្រោះពុំមានការបង់ពន្ធនោះទេ។ ម៉្យាងវិញទៀត ដោយសារតែ គ្រួពេទ្យនៅទីនោះ មានបទពិសោធន៍ និងជំនាញខ្ពស់ ទើបធ្វើឲ្យកំណើននៃការ វះកាត់កែសម្ផស្សពី អតិថិជនទាំងក្នុង និងក្រៅប្រទេសមានកម្រិតខ្ពស់។


៥. ប្រទេសកូឡុំប៊ី
ត្រូវបានគេចាត់ទុកថា ជាប្រទេសដ៏ល្បីល្បាញ បំផុតខាងផ្នែកវះកាត់ កែសម្ផស្ស នៅក្នុងពិភពលោក ដែលព្រំប្រទល់ជាប់ ជាមួយប្រទេស ប្រេស៊ីល។ ដោយសារការ តែប្រទេសនេះ មានច្បាប់យ៉ាងតឹងរ៉ឹង សម្រាប់ការដាក់ទណ្ឌកម្ម ចំពោះគ្រូពេទ្យណា ដែលមានការវះកាត់កែ សម្ផស្សធ្វេសប្រហែស ទើបធ្វើឲ្យប្រទេសកូទ្បុំប៊ី ទទួលបានការទុកចិត្ត យ៉ាងខ្លាំងពីអតិថិជនជាតិ និងអរន្តជាតិក្នុង ការវះកាត់កែសម្ផស្ស។


៦. សហរដ្ឋអាមេរិក
បើទោះបីជាសហរដ្ឋអាមេរិក ស្ថិតនៅលេខរៀងទី ៦ ក្នុងចំណោមប្រទេស ដ៏ល្បីល្បាញបំផុត ខាងផ្នែកវះកាត់កែសម្ផស្ស នៅក្នុងពិភពលោក ក៏ពិតមែន ប៉ុន្តែគេអាចរំពឹងទុកថា លេខរៀងរបស់សហរដ្ឋអាមេរិក នឹងត្រូវរំកិលនៅលើគេវិញ ក្នុងពេលឆាប់ៗ ដោយសារតែបច្ចេកវិទ្យា វះកាត់កែសម្ផស្សរបស់ សហរដ្ឋអាមររិក មានការរីកចំរើនយ៉ាងរហ័ស។


៧. កោះតៃវ៉ាន់
ដោសារតែប្រជាជននៅតំបន់នោះ មិនចង់ឲ្យគេដឹង ពីអាយុរបស់ខ្លួន ទើបធ្វើឲ្យការវះកាត់ កែសម្ផស្សនៅលើផ្ទៃមុខ មានការពេញនិយមជាខ្លាំង សម្រាប់អ្នករស់នៅទីនោះ។ ទន្ទឹមនឹងនេះ កោះតៃវ៉ាន់ក៏ត្រូវបានគេដឹងថា សិ្ថតនៅក្នុងលេខរៀងទី ៧ ក្នុងចំណោមប្រទេស ដ៏ល្បីល្បាញបំផុត ខាងផ្នែកវះកាត់កែ សម្ផស្សនៅក្នុងពិភពលោកផងដែរ។


៨. ប្រទេសថៃ
រដ្ឋធានីនៃប្រទេសថៃគឺជាទីក្រុងបាងកក ដែលជាទីកន្លែងដ៏គួរឲ្យទាក់ទាញ និងពេញនិយមបំផុត សម្រាប់សេវាកម្មកវះកាត់កែសម្ផស្ស។ ដោយសារតែតម្លៃថោក និងមានប្រសិទ្ធិភាពខ្ពស់ខាងផ្នែកវះកាត់កែសម្ផស្ស ទើបធ្វើឲ្យប្រទេសនេះ ទទួលបានការទុកចិត្ត យ៉ាងខ្លាំងពីសំណាក់ អតិថិជនជាតិ និងអរន្តជាតិ។


៩. សាធារណរដ្ឋ Dominican
ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានបច្ចេកវិទ្យា ខាងផ្នែកវះកាត់កែសម្ផស្សដ៏ល្បីល្បាញ បំផុតនៅក្នុងពិភពលោកផងដែរ ដោយសារ នៅទីនោះ មានគ្រូពេទ្យដ៏ជំនាញ និងមានបទពិសោធន៍ខ្ពស់ ក្នុងការវះកាត់កែសម្ផស្ស។ លើសពីនេះទៅទៀត សម្រាប់ការវះកាត់កែសម្ផស្ស ទាំងអស់នៅក្នុងប្រទេស គឺមានតម្លៃថោក បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក ក្នុងតម្លៃនៃការវះកាត់កែសម្ផស្ស ៦.០០០ដុល្លារនៅឯ ប្រទេសនេះវិញ គឺមានតម្លៃត្រឹមតែ ២.៥០០ ដុល្លរតែប៉ុណ្ណោះ។


១០. ប្រទេសឥណ្ឌា
ស្ថិតនៅក្នុងលេខរៀងទី ១០ ក្នុងចំណោមប្រទេសដ៏ ល្បីល្បាញបំផុតខាងផ្នែក វះកាត់កែសម្ផស្ស គឺប្រទេសឥណ្ឌា ដែលត្រូវបានគេទទួលស្គាល់ថា មានសេវាកម្មវះកាត់ កែសម្ផស្សដ៏ទំនើប និងមានគ្រូពេទ្យ ដ៏ជំនាញច្បាស់លាស់ ព្រមទាំងមានតម្លៃសមរម្យ សម្រាប់អតិថិជនជាតិ និងអរន្តជាតិ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh