CamNews

យល់ដឹង 

ឧកញ៉ា ទ្រីភាព បោះទុន ខ្ទង់រយលានដុល្លារ ប្រែក្លាយតំបន់ភ្នំ ទល់ដែនថៃ ជាតំបន់សេដ្ឋកិច្ច

អានសេះ, ព្រះវិហារ៖ អានសេះ ជាច្រកព្រំដែន នៃប្រទេសកម្ពុជា ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់នឹង ច្រកអានម៉ា ខេត្តអ៊ូប៊ុន ប្រទេសថៃ។ ច្រកព្រំដែនមួយនេះ ស្ថិតលើខ្នងភ្នំដងរែក កម្រមានប្រជាពលរដ្ឋខ្មែរឡើង ទៅលេងកម្សាន្តណាស់ ក្រៅតែពីប្រជាពលរដ្ឋរស់នៅតំបន់នោះ និងប្រជាពលរដ្ឋថៃឆ្លងមកទិញទំនិញបន្តិចបន្តួច នៅក្នុងផ្សារជាប់ព្រំដែន ដោយសារច្រកនេះ ស្ថិតលើកំពូលភ្នំមានកម្ពស់ខ្ពស់ ផ្លូវពិបាកធ្វើដំណើរ ហើយប្រឈម គ្រោះថ្នាក់បំផុត។

ដើម្បីប្រែក្លាយតំបន់ភ្នំដងរែកជាប់ព្រំដែនថៃ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា-ថៃ ពិភាក្សាបើកច្រកអានសេះ ជាច្រកអន្តរជាតិផងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ធ្វើការវិនិយោគតំបន់នេះក្នុងឆ្នាំ២០១២។

ក្រោមគម្រោងទន់វិនិយោគមិនតិចជាង ១០០លានដុល្លារ ឧកញ៉ា ទ្រីភាព បានដាក់ចេញផែនការវិនិយោគនូវប្រ ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង សណ្ឋាគារ និង កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស ផ្សារសម្រាប់ប្រជាពលរដ្ឋ លក់ដូរទំនិញ ផ្ទះលំហែកាយ ឃ្លាំងស្តុកទំនិញ ស្ថានីយប្រេងឥន្ធនៈ និងកន្លែងប្រដាល់ជាដើម។ នេះបើយោងតាម ការបញ្ជាក់របស់តំណាងក្រុមហ៊ុន។

បច្ចុប្បន្នក្រុមហ៊ុនឧកញ៉ា ទ្រីភាព បានចំណាយប្រមាណ ២០លានដុល្លារហើយ ដើម្បីសាងសង់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធនានា ដូចជាផ្លូវបេតុងមួយខ្សែប្រវែង ១,២គីឡូម៉ែត្រ ទទឹង ១៨ម៉ែត្រ ចាប់ពីចង្កេះ រហូតដល់កំពូលភ្នំ ដែល ជួយឲ្យការធ្វើដំណើរងាយស្រួល មិនពិបាក និងភ័យខ្លាចជួបគ្រោះភ័យដូចមុនទៀតឡើយ។ ក្រៅពីការសាងសង់ ផ្លូវបេតុងឡើងទៅកាន់កំពូលភ្នំ ក៏ដូច ជាច្រកព្រំដែនហើយនោះ អគារសណ្ឋា និងកាស៊ីណូ ដែលមានកម្ពស់ ៣ ជាន់ ក៏ត្រូវបានសាងសង់សម្រេចបានប្រមាណ ៦០-៧០ភាគរយ ហើយផងដែរ។

ក្រៅពីសំណង់ផ្លូវបេតុង សណ្ឋាគារ នៅលើចង្កេះភ្នំ ដែលមិនមែនជាទីគាប់នេត្រា របស់មនុស្សផងទាំងពួងនាពេល កន្លងមកនោះ នៅពេលនេះ គេក៏បានឃើញមានអគារសម្រាប់បម្រើការងាររដ្ឋបាល របស់ក្រុមហ៊ុនជាច្រើនផ្សេង ទៀត ត្រូវបានសាងសង់រួចរាល់ហើយផងដែរ។ គេក៏បានឃើញផងដែរ នូវសកម្មភាពក្រុមកម្មករកំពុងសាងសង់ រូបសំណាកលោកយាយម៉ៅ រូបសំណាកព្រះរីករាយ ឬហៅព្រះកំប៉ោង ជាពិសេសទៀតនោះ គឺក្រុមជាងចម្លាក់ ដ៏ ចំណាន ក៏កំពុងតែឆ្លាក់ថ្មភក់ទម្ងន់ប្រមាណ ១០តោន ធ្វើជារូបសំណាកព្រះអង្គគោកធ្លក ដែលមានកម្ពស់ ៣ម៉ែត្រ និងព្រះភ្នែន ១ម៉ែត្រ។

នៅឯចង្កេះភ្នំមួយដំណាក់ទៀត គេបានឃើញក្រុមជាងសំណង់មួយក្រុមទៀត កំពុងញាប់ដៃញាប់ជើងចាក់គ្រឹះអ គារ។ តាមអ្នកគ្រប់គ្រងតំបន់តំបន់អភិវឌ្ឍន៍នាច្រកព្រំដែនអានសេះ របស់ក្រុមហ៊ុនឧកញ៉ា ទ្រីភាព បានឲ្យដឹងថា កន្លែងនេះ គេសាងសង់ជាកន្លែងសម្រាប់ប្រដាល់។

បើតាមតំណាងក្រុមហ៊ុន នៅជើងភ្នំ ក្រុមហ៊ុននឹងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដីប្រមាណ ៥០០ហិកតា ខណៈនៅចង្កេះភ្នំទីតាំង ដែលសាងសង់សណ្ឋាគារ និងកាស៊ីណូ មានផ្ទៃដីប្រមាណ ៥៦ហិកតា។ សណ្ឋាគារ និង ការស៊ីណូនេះ ក្រុមហ៊ុនក៏នឹងធ្វើឲ្យមានប្រណីតភាពល្អស្រស់ និង បំពាក់ដោយគ្រឿងសង្ហារឹម ដែលធ្វើពីឈើប្រ ណីតៗ មិនខុសពីសណ្ឋាគារ និងកាស៊ីណូនៅព្រំដែនអូរយ៉ាដាវ ខេត្តរតនគិរីប៉ុន្មាននោះឡើយ។ សណ្ឋាគារនេះ ក៏នឹងមានកន្លែងម៉ាស្សា ស្ទីម សូណា ហាត់ប្រាណ កន្លែងហែលទឹកកម្សាន្តផងដែរ។

សម្រាប់នៅបរិវេណជុំវិញសណ្ឋាគារ គេគ្រោងធ្វើជាសួនច្បារ និងកន្លែងអង្គុយលេងលំហែងកាយជាច្រើនផ្សេង ទៀត។

សម្រាប់អ្នកដែលធ្លាប់បានឃើញដោយផ្ទាល់ភ្នែក និងធ្វើដំណើរឡើងភ្នំដងរែក ឆ្ពោះទៅកាន់ច្រកអានសេះ គ្រាមិន ទាន់បានអភិវឌ្ឍន៍ គេពិតជាស្ញប់ស្ញែង និងនឹកស្មានមិនដល់ថា ចំណោទភ្នំដ៏ខ្ពស់ឡើងទៅកាន់ព្រំដែនរបស់ខ្មែរ សូម្បីតែធ្វើដំណើរដោយថ្មើរជើង និងម៉ូតូ ក៏ពិបាកផងនោះ អាចប្រែក្លាយជាកន្លែងតម្កល់សំណង់អគារធំស្កឹមស្កៃ បែបនេះបានឡើយ។

មិនខុសពីការគិតនោះឡើយ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ការអភិវឌ្ឍន៍នៅចង្កេះភ្នំដងរែកនេះ ត្រូវជួបផលលំ បាកយ៉ាងខ្លាំង ដោយបានលើកឡើងថា បើមិនមានការអត់ធ្មត់ និង អំណត់ព្យាយាមទេ មិនប្រាកដថា «មានលុយ អាចអភិវឌ្ឍន៍តំបន់នេះបានឡើយ!»។

តំណាងក្រុមហ៊ុន បានឲ្យថា មុននឹងសម្រេចបានផ្លូវបេតុង និងសំណង់អគារនេះ ក្រុមហ៊ុនបានប្រើអេស្កាវ៉ាទ័រ និង ប្រើគ្រាប់រំសេវ ដើម្បីបំបែកថ្មភ្នំកាយទម្លាក់មកជម្រាលភ្នំម្តងបន្តិចៗ ហើយកិនបង្ហាប់ពីលើមួយជំហានម្តងៗពោល ផ្ទៃដីរាបស្មើសាងសង់អគារ ក៏ដូចសាងសង់ផ្លូវ រាប់សិបហិកតានោះ គឺបានមកពីការកាយពង្រាបដី និង ថ្មភ្នំទាំង អស់។

ក្រុមហ៊ុនឧកញ៉ា ទ្រីភាព បានបង្ហាញគម្រោង និងការប្តេជ្ញារបស់ខ្លួនថា នឹងអភិវឌ្ឍតំបន់ភ្នំ ដែលជាទីស្ងាត់ជ្រងុំនេះ ឲ្យក្លាយជាតំបន់ទេសចរ កន្លែងសម្រាកលំហែកាយ និងជាតំបន់សេដ្ឋកិច្ច ដ៏ទាក់ទាញមួយ នៅខេត្តភាគពាយ័ព្យ ប្រទេសកម្ពុជា ជាប់ព្រំប្រទល់ប្រទេសថៃមួយនេះ។

សូមបញ្ជាក់ផងដែរ ច្រកព្រំដែនអានសេះ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានព្រមព្រៀងគ្នាសម្រេច បង្កើតជាច្រកព្រំដែនអន្តរជាតិកាលពីឆ្នាំ២០១២ ហើយក្រុមការងារប្រទេសទាំងពីក៏បានជួបពិភាក្សាគ្នាជាច្រើន ដងរួចមកហើយដែរ ទៅលើបញ្ហានេះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មន្រ្តីនៃប្រទេសទាំងពីរ ក៏កំពុងពិភាក្សា ពីការសាងសង់ អគារ និងប៉ុស្តិ៍រដ្ឋបាល ដើម្បីមន្រ្តីបម្រើការងារ។

រីឯផ្លូវប្រវែងប្រមាណ ១៧គីឡូម៉ែត្រ ពីទីរួមស្រុក ជាំក្សាន្ត ទៅកាន់ជើងភ្នំដងរែក ដែលសាងសង់ដោយកងវិស្វកម្ម ក្រសួងការពារជាតិ ត្រូវបានគេចាក់គ្រោះក្រហម ហើយគ្រោងទៅចាក់កៅស៊ូក្នុងពេលឆាប់ៗនេះផងដែរ ជួយឲ្យ ការធ្វើដំណើរងាយស្រួលមិនមានផលលំបាកនោះទេ។ ក្នុងនោះកំណាត់ផ្លូវចាប់ពីចង្កេះភ្នំ បន្តពីកន្លែងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនទ្រីភាព ចុះមកកាន់ជើងភ្នំ ក៏ជាបន្ទុករបស់កងវិស្វកម្ម សាងសង់ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ទៅកាន់ ប្រទេសថៃនាថ្ងៃទី១០ ដល់១២ ខែកក្កដា ខាងមុខនេះ ក៏នឹងលើកឡើងពីការបើកច្រកអន្តរជាតិអានសេះ ក្នុងខេត្ត ព្រះវិហារ របស់ខ្មែរ ឬហៅច្រកអានម៉ា ស្ថិតក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ ជាមួយនឹងភាគីថៃផងដែរ។

ប្រជាពលរដ្ឋ ដែលធ្លាប់បានឆ្លងកាត់តំបន់ភ្នំដងរែក ឆ្ពោះទៅកាន់ច្រកអានសេះប្រកបដោយភាពលំបាកវេទនា កាលពីអតីតកាល បានសម្តែងការសាទរ និងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ក៏ដូចជាចក្ខុ វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយតំបន់ព្រំដែន ដាច់ស្រយាលទៅជាតំបន់សេដ្ឋកិច្ច។

ក្រុមប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ក៏ដូចជាក្រុមអាជីវករ ដែលលក់ដូរមិនសូវដាច់នាពេលសព្វថ្ងៃនេះ បាន សម្តែងក្តីរំពឹងទុកថា តំបន់ច្រកអានសេះ នឹងក្លាយជាតំបន់ដ៏អ៊ូអរមួយនៅក្រោយពេលក្លាយជាច្រកអន្តរជាតិ ជាពិ សេសនៅពេលដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ត្រូវបានបញ្ចប់ជាស្ថាពរ។ ភាពអ៊ូអរនៅតំបន់ព្រំដែនមួយនេះ វាក៏នឹងជួយប្រែក្លាយជីវភាពរបស់ពួកគេ ដែលមិនសូវជាធូរធារនាពេលបច្ចុប្បន្ន ឲ្យបានល្អប្រសើរផងដែរនាពេល អនាគត។

ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលជាយដែនរបស់កម្ពុជាមួយនេះ ក៏បានទទូចប្រជាពលរដ្ឋខ្មែរ ដែលសម្បូរប្រាក់ កាកដើរលេងលំហែកាយនៅក្រៅប្រទេស ជាពិសេសប្រទេសល្បីៗ គួរតែបង្វែរការកម្សាន្តទៅកាន់តំបន់ដាច់ស្រ យាលមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាតំបន់ភ្នំដងរែក ច្រកអានសេះជាដើម ដើម្បីជួយលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋតាមទល់ដែន តាមរយៈលំហូប្រាក់កាកអំឡុងពេលដើរកម្សាន្តនេះ។

ក្រុមប្រជាពលរដ្ឋនៅបានលើកឡើងទៀតថា ការធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា ក៏ជាការបង្ហាញពីមនសិកា ស្នេហាស្រឡាញ់ទឹកដីផងដែរ ត្បិតការស្រឡាញ់ និងស្នេហាជាតិ ស្នេហាទឹកដី មិនចាំបាច់ទាល់តែបញ្ចេញសំ ឡេងឲ្យគេឮនោះទេ តាមរយៈកាយវិការអភិវឌ្ឍន៍តំបន់ព្រំដែន កាយវិការ នៃការទៅកម្សាន្តតំបន់ព្រំដែន ក៏ដូច ជាការតស៊ូរស់នៅជាមួយភាពលំបាករបស់ប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន គឺសុទ្ធតែស្តែងឲ្យឃើញថា ជាការស្រ ឡាញ់ និងស្នេហាទឹកដីខ្លាំងក្លាបំផុត។ ប្រហែលជាគ្មានជនបរទេសណា អាចលួចទឹកដីកម្ពុជាបានទេ ប្រសិនបើ តំបន់នោះ មានប្រជាពលរដ្ឋកម្ពុជារស់នៅកកកុញ និងអ៊ូអរនោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh