ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋ របស់ប្រទេសចិន មានឈ្មោះថា ស៊ិនហួរ កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិច បានចេញផ្សាយ អត្ថបទសារព័ត៌មាន អោយដឹងថា ដោយយោងតាម ក្រសួងសុខា ភិបាល ប្រទេស លីបង់ ចេញសេចក្តីថ្លែងការណ៍ ថា ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត បានកើន ឡើងដល់ ៦ នាក់ហើយ ក្រោយពី មានករណី បំផ្ទុះ រថយន្ត បំពាក់ ទៅដោយគ្រាប់បែក អត្តឃាត កាល ពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ។
គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែក អត្តឃាត បំពាក់ជាប់នៅក្នុងរថយន្ត ខាងលើនេះ បានកើត ឡើងនៅឯ តំបន់ទីប្រជុំជន Bir El Abd ភាគខាងត្បូង ជាយក្រុង Beirut ប្រទេសលីបង់ ។ បន្ថែមពីលើ នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់កងទ័ពប្រទេសនេះ គូសបញ្ជាក់ អោយដឹងថា ករណីបំផ្ទុះ រថយន្តបំពាក់ គ្រាប់បែក អត្តឃាត លើកនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ១០ នាទីល្ងាច (ម៉ោងក្នុងស្រុក ប្រទេស លីបង់ ) នៅតាមបណ្តោយផ្លូវ Haret al- Harayk's Areed ។
ដោយឡែក ការតាមដាន ស៊ើបអង្កេតនៅតែ បន្តមាននៅឡើយ ដើម្បី រកអោយឃើញពីតំរុយនៃ របៀប ក្នុងការបំផ្ទុះ លើកនេះ ។ ផ្ទុយទៅវិញ បើយោងតាម ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក របស់រដ្ឋ អះអាង បន្តថា ករណីបំផ្ទុះគ្រាប់បែកមួយនេះ បានធ្វើអោយមាន ផលប៉ះពាល់ ជាខ្លាំង ពោលគឺ រងនូវការខូច ខាតជាខ្លាំង រួមទាំងសំណង់អាគារ ម្តុំៗនោះជាដើម ។ លោក Ali Khalil ជារដ្ឋមន្រ្តី ក្រសួងសុខាភិបាល ប្រទេសលីបង់ បានស្នើអោយ មន្ទីរពេទ្យ ទាំងអស់ក្នុងក្រុង Beirut ប្រឹងប្រែង អោយអស់ពីលទ្ធភាព ក្នុង ការព្យាបាល ជនរងគ្រោះ ទាំង ៧០ នាក់ ខណៈរាល់ការចំណាយ ទាំងអស់ គឺជាបន្ទុក របស់ក្រសួង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ