លោកប្រធានាធិបតី Ashraf Ghani បានឱ្យដឹង កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ពីការផ្ទុះគ្រាប់បែកក្នុងរថយន្ដ នាទីក្រុងកាប៊ុល កាលពីសប្តាហ៍មុន បានកើនឡើងដល់ជាង ១៥០ នាក់ ដែលធ្វើឱ្យឧបទ្ទវហេតុនេះ ក្លាយជាការវាយប្រហារគួរឱ្យខ្លាចបំផុត នៅរដ្ឋធានីអាហ្វហ្គានីស្ថាន ចាប់តាំងពីការបណ្តេញពួកតាលីបង់ចេញពីប្រទេសនេះ នៅក្នុងឆ្នាំ ២០១១ ។
ការផ្ទុះនេះបានកើតឡើង នៅពេលដែលរថយន្ដមួយគ្រឿង ដែលពេញប្រៀបដោយអ្វីដែលលោក ហ្កានី ហៅថាជាគ្រាប់រំសេវ " military-grade " បានបំផ្ទុះ នៅច្រកចូលទៅកាន់តំបន់សាងសង់មួយ នៅក្នុងក្រុង ដែលរួមបញ្ចូលទាំងស្ថានទូតបរទេស និងអគាររដ្ឋាភិបាលផងដែរ។
លោក Ghani បានប្រាប់អ្នកការទូតបរទេស ដែលអញ្ជើញមកជួបជុំគ្នានៅទីក្រុងកាប៊ុលដើម្បីចូលរួមសន្និសីទការសែតមួយថា៖ «យើង មិនមែនជាគោលដៅតែមួយនោះទេ សហគមន៍ការទូតទាំងមូល គឺជាគោលដៅនៃការវាយប្រហារនេះ»។
ការប៉ាន់ស្មានជាផ្លូវការ ពីគ្រាមុន បានដាក់ចំនួនមនុស្សស្លាប់ ប្រហែល ៩០ នាក់ ដោយមានមនុស្សជាង ៤៦០ នាក់រងរបួស។
មនុស្ស ដែលបានស្លាប់ទាំងអស់ គឺជាជនជាតិអាហ្វហ្គានីស្ថាន ហើយលោក Ghani បានសម្ដែងការដឹងគុណ និងគោរព ចំពោះប៉ូលីស ១៣ នាក់ ដែលបានបញ្ឈប់រថយន្តនេះ ខណៈវាព្យាយាមបើកចូលក្នុងស្រុក ដែលមានកំពែងរឹងមាំនេះ ព្រមទាំង បានស្លាប់បាត់បង់ជីវិត នៅក្នុងការបំផ្ទុះនេះ។
គ្មានក្រុមណាមួយ បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានបង្កឱ្យមានការផ្ទុះហិង្សាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនេះទេ។
ក្រុមអ្នកតវ៉ាជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយប៉ូលិស កាលពីថ្ងៃសុក្រ ហើយយ៉ាងហោចណាស់មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារក្នុងពិធីបុណ្យសពសម្រាប់បាតុករម្នាក់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Hindustan Times