CamNews

ទូរស័ព្ទ 

SONY នឹងផ្លាស់ប្តូរការរចនាប្លែកថ្មី លើទូរស័ព្ទខ្លួនសេរីក្រោយ

ទូរស័ព្ទរបស់ក្រុមហ៊ុន Sony មើលទៅស្ទើរតែដូចៗគ្នាសម្រាប់រយៈពេល បី បួនឆ្នាំចុងក្រោយនេះ ប៉ុន្តែ មើលទៅវាហាក់ដូចជាពួកគេអាចកំពុងស្ថិតនៅក្នុងការផ្លាស់ប្តូរមួយ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងក្រុមហ៊ុន Indian Express នាយកគ្រប់គ្រង់របស់ក្រុមហ៊ុន Sony លោក Kenichiro Hibi បាននិយាយថាក្រុមហ៊ុនកំពុងតែរៀបចំផែនការដើម្បីបង្កើតផលិតផលជំនាន់ថ្មីហើយអ្នកអាចរំពឹងថានឹងមានការរចនាថ្មីពេញលេញពីឧបករណ៍ទាំងនោះ។

មិនមានការកំណត់ពេលវេលាថាឧបករណ៍ដែលរចនាឡើងថ្មីទាំងនោះអាចមកដល់ពេលណាឲ្យច្បាស់នោះទេ ប៉ុន្តែជំហ៊ានដំបូងបំផុតទំនងជានៅឆ្នាំក្រោយនេះ។ ជាទូទៅក្រុមហ៊ុន Sony ដាក់បង្ហាញទូរស័ព្ទសំខាន់ៗនៅក្នុងកម្មវិធី Mobile World Congress គឺនៅខែកុម្ភៈ ហើយបន្ទាប់មកម្តងទៀតនៅ IFA ក្នុងខែសីហា។ ដូច្នេះយើងទំនងជាត្រូវរង់ចាំរហូតដល់ ខែកុម្ភៈខាងមុខនេះនឹងឃើញអ្វីទាំងអស់។


បើគិតពីចំណុចត្រូវបន្ថែម ការរចនាថ្មីអាចជាចំណុចចាំបាច់នៅក្នុងពេលនេះ។ ក្នុងពេលក្រុមហ៊ុននានាកំពុងបន្តកាត់បន្ថយខ្សែក្រវាត់ រឺផ្នែកជុំវិញអេក្រង់ទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ តែការរចនាដែលប្រើជាយូររបស់ក្រុមហ៊ុន Sony ដូចជាផ្នែកខាងលើនិងខាងក្រោមអេក្រង់ដូចជាមិនសូវសាកសមសម្រាប់ទីផ្សារពេលនេះនោះទេ។ កត្តានេះហើយ ដែលជំរុញឲ្យមាន ការផ្លាស់ប្តូរ។ ដូច្នេះទើបក្រុមហ៊ុន Sony គ្រោងនឹងបញ្ចេញទូរស័ព្ទជាមួយនឹងអេក្រង់ដែលមានប្រវែង វែងជាងមុន ដែលអាចទទួលយកសមាមាត្រ 18: 9 និងផ្នែកជុំវិញអេក្រង់ស្ទើតែគ្មាន ដើម្បីការឆ្លើយតបនិងតំរូវការទីផ្សារបច្ចុប្បន្ន និងការប្រកួតប្រជែង ។

ទំនោរនៃការរចនារបស់ក្រុមហ៊ុន Sony គឺចាប់ពី  Xperia Z ដែលជាលើកដំបូងនៅក្នុងឆ្នាំ 2013 ។ ខណៈពេលដែលការរចនាគឺផ្តោតទៅលើ លោហៈព័ទ្ធជុំវិញ និងភាពរលោងមុខក្រោយ គឺពិតជាមើលទៅស្អាតខ្លាំងណាស់កំឡុងពេលពីរឆ្នាំនោះ ហើយការកែលម្អរបស់ក្រុមហ៊ុន Sony បាននាំមកនូវភាពទាក់ទាញជាច្រើនជាបន្តបន្ទាប់។

ប៉ុន្តែឥឡូវនេះនៅក្នុងទីផ្សារមានការផ្លាស់ប្តូរ ដែលធ្វើអោយក្រុមហ៊ុន Sony កំពុងប្រឈមមុខនឹងទូរស័ព្ទដែលមានអេក្រង់មុខស្ទើរតែពេញ ដែលធ្វើការរចនាម៉ូដ Xperia របស់ខ្លួនចាប់ផ្តើមមើលទៅគួរអោយធុនទ្រាន់​និង ត្រូវមានការផ្លាស់ប្តូរ៕

 

ប្រភព និង ប្រែសម្រួលពី៖ theverge