CamNews

ព័ត៌មានអន្តរជាតិ 

ការវាយលុកដោយវីរុស Zika នៅវៀតណាមកាន់តែធ្ងន់ធ្ងរ! ករណីឆ្លងថ្មីៗបន្តកើនឡើងរហូតដល់ ៣៩នាក់ហើយ

(ហូជីមិញ)៖ មនុស្សចំនួន០៩នាក់បន្ថែមទៀតហើយនៅក្នុងទីក្រុងហូជីមិញ ត្រូវបានគេពិនិត្យរកឃើញថា មានផ្ទុកវីរុស Zika ដែលប្រការនេះបានបណ្តាលឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុសនេះ នៅក្នុងទីក្រុង​ហូជីមិញ ផ្ទាល់កើនដល់៣០ករណី ហើយសម្រាប់ការឆ្លងនៅទូទាំងប្រទេសវៀតណាម សរុបបានកើនឡើងដល់ ៣៩ករណីហើយនៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

វីរុស Zika បានរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលពីរសប្តាហ៍ចុងក្រោយនេះនៅតាមតំបន់ ភាគខាងត្បូងនៃប្រទេសវៀតណាម ជាពិសេសគឺនៅក្នុងទីក្រុងហូជីមិញ​តែម្តងហើយស្រ្តីមានផ្ទៃពោះ​ចំនួនបួននាក់ហើយ ដែលបានឆ្លងវីរុស Zika ដោយក្នុងចំណោមនោះមានពីរករណីត្រូវអាជ្ញាធរសុខាភិបាល វៀតណាមរាយការណ៍ថា មានពាក់ព័ន្ធនឹងជំងឺទារកកើតមកមានក្បាលតូចខុសធម្មតា។ 
គិតត្រឹមព្រឹកថ្ងៃសុក្រនេះក្រៅពីទីក្រុងហូជីមិញ អាជ្ញាធរវៀតណាមបានរកឃើញអ្នកផ្ទុកវីរុស Zika និងនៅតាមបណ្តាខេត្តចំនួន០៦ផ្សេងទៀតផងដែរ ដោយមាន០៣ករណីនៅក្នុងខេត្ត Dak Lak, ២ករណីនៅក្នុងខេត្ត Binh Duong, និង៤ករណីផ្សេងទៀត នៅក្នុងខេត្ត Phu Yen, Khanh Hoa, Long An, និង Tra Vinh។

គួរបញ្ជាក់ដែរថាដើម្បីទប់ទល់ដោះស្រាយបញ្ហាវីរុស ដែលឆ្លងតាមរយៈសត្វមូសខាំនេះទីក្រុងហូជីមិញ បានសម្រេចចិត្តបង្កើតគណកម្មាធិការពិសេសមួយដើម្បីបង្ការការពារ និងប្រយុទ្ធប្រឆាំង​នឹងវីរុសដែល កំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅប្រទេសនាតំបន់អាស៊ីអាគ្នេយ៍នេះ ហើយម៉្យាងវិញទៀតអាជ្ញាធរនៅតាម បណ្តាទីក្រុង និងខេត្តនានានៅទូទាំងប្រទេសវៀតណាម បានបន្តចំណាត់ការក្នុង​ការស្វែងរកករណីឆ្លង នៃវីរុស Zika ឲ្យខ្លាំងជាងមុនបន្ថែមទៀត និងបានបង្កើនការបាញ់ថ្នាំដើម្បីកម្ចាត់ជម្រកសត្វមូស នៅតាមតំបន់ជាច្រើនផងដែរ៕



ប្រភព ៖ ស៊ិនហួរ


Tags: Zika Int news US Obama