(បាហ្គាន)៖ គ្រោះធម្មជាតិរញ្ជួយដីនៅល្ងាចថ្ងៃពុធ បានបណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ នៅភាគកណ្តាកមីយ៉ាន់ម៉ា ហើយអ្វីដែលគួរឲ្យសោកស្តាយបន្ថែមទៀតនោះ គឺបណ្តុំវត្តអារ៉ាម Bagan ដែលត្រូវបានកសាងតាំងពីថ្ងៃឆ្នាំ ១០៩១ មានចំនួនជាង ២,០០០ វត្ត បានទទួលរងការខូចខាតយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦។
រូបភាពដែលត្រូវបានថតដោយភ្នាក់ងារអង្គការ យូណេស្កូ ដែលត្រួតពិនិត្យមើលសម្បត្តិបេតិកភណ្ឌពិភពលោក ខាងលើនេះ បានបង្ហាញឲ្យឃើញពីផ្សែងហុយចេញពីតំបន់វត្ត ដែលត្រូវបានបាក់រលំ និង ខ្ទេចខ្ទាំដោយតែគ្រោះរញ្ជួយ ផែនដីកម្រិត ៦,៨រ៉ិចទ័រ កាលពីល្ងាចថ្ងៃពុធម្សិលមិញ។ បើតាមការរាប់ចំនួនចុងក្រោយ គឺ វត្តចំនួន ១៨៥ខ្នង បានរងការបាក់បែក ហើយដែលវត្តទាំងនោះមានអាយុកាល ១,០០០ឆ្នាំមកហើយ។
បុរសម្នាក់ដែលស្ថិតនៅតំបន់ខាងលើនេះ ពេលកំពុងកើតហេតុ គឺលោក Khin Maung Toe បានប្រាប់ឲ្យដឹងថា «ខ្ញុំបានឮសំឡេងខ្លាំងៗ នៅពេលដែលខ្ញុំកំពុងបួងសួងនៅក្នុងវត្ត។ ខ្ញុំនឹងភរិយាទើបតែមកទីនេះជាលើកទីមួយ ប៉ុណ្ណោះ ហើយពេលកើតហេតុភ្លាមៗនោះ ខ្ញុំបានទាញប្រពន្ធខ្ញុំចេញពីវត្ត មុននឹងវត្តរលំចុះមក»។
គួរបញ្ជាក់ថា ចាប់តាំងពីរបបយោធាបានប្រគល់អំណាចភាគច្រើនជូនរដ្ឋាភិបាលស៊ីវិលវិញ កាលពីឆ្នាំ ២០១០ ភ្ញៀវទេសចរទៅកាន់វត្ត Bagan ក្នុងទីក្រុងបុរាណ Bagan ភាគកណ្តាប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងគំហុក។ Bagan ជាទីក្រុងសាសនាព្រះពុទ្ធតាំងពីបុរាណរបស់ ភូមា ហើយបច្ចុប្បន្ននេះ មានព្រះសង្ឃ ២,៥០០អង្គកំពុងគង់នៅ នៅក្នុងតំបន់វត្តបុរាណជាង ២,០០០ខ្នងនេះ៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី