(អវកាស)៖ យានធ្វើដំណើរលើដី Curiosity របស់អង្គការ NASA ដែលបាននិងកំពុងបំពេញ បេសកកម្មនៅភពអង្គារ អស់រយៈពេលបួនឆ្នាំមកនេះ កំពុងតែធ្វើដំណើរឡើងភ្នំ ដ៏ខ្ពស់មួយ នៅលើផ្ទៃភពក្រហមនោះ បើទោះបីជាវាមានបញ្ហាផ្នែកកង់របស់វា ដែលមានចំនួន០៦ នោះក៏ដោយ។ នេះបើតាមការ ចេញផ្សាយរបស់ Space.com នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។
យាន Curiosity ដែលមានទំហំប៉ុនកូនឡានមួយនោះ ក៏ធ្លាប់ធ្វើការរុករកក្បែរភ្នំមួយឈ្មោះថា Sharp កម្ពស់ ៥ គីឡូម៉ែត្រផងដែរ នៅលើផ្ទៃភពអង្គារ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ការឡើងភ្នំលើកនេះ គឺស្ថិតនៅក្នុងគោលដៅស្វែងរក ជីវិតដែលអាចកើតមានក្នុងទម្រង់ណាមួយ កាលពីអតីតកាល នៅផ្ទៃភពអង្គារ ដែលជាភពទីបួន នៅក្នុងប្រព័ន្ធព្រះអាទិត្យ យើងនេះ។
គួរបញ្ជាក់ថា យាន Curiosity ត្រូវបានគេបាញ់បង្ហោះចេញពីផែនដី នឹងធ្វើការចុះចតដោយជោគជ័យ លើផ្ទៃភពអង្គារ កាលពីខែសីហា ឆ្នាំ២០១២។ យាននេះមានតួនាទីស្វែងរក ប្រភពនៃជីវិត និងរូបធាតុនានា ដែលអាចកើតមានកាលពី អតីតកាលលើភពអង្គារ។ សម្រាប់លទ្ធផលដ៏គាប់ប្រសើរបំផុត សម្រាប់ការរុករកភពអង្គារ កន្លងមកនេះ គឺការរកឃើញទឹកលើផ្ទៃភពនេះ កាលពីឆ្នាំ ២០១៥ ដែលហេតុនាំឲ្យ ការវិភាគកន្លងមកថា ភពអង្គារអាចធ្លាប់មានជីវិត ឬ បរិយាកាស ស្រដៀងនឹងផែនដីនោះ គឺជារឿងត្រឹមត្រូវ៕
ប្រភព ៖ Space
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង