ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះ បុគ្គលទី ២ បាន ស្លាប់ បាត់បង់ ជីវិតហើយ អំឡុងព្រឹកថ្ងៃ ២ ខែ កក្កដានេះ ក្រោយពីមានសោកនាដកម្ម ផ្ទុះឆេះម្សៅពណ៍ នៅឯសួនទឹកមួយកន្លែង លើទឹកដីកោះ តៃវ៉ាន់ នេះបើយោងតាម ភ្នាក់ងារសារព័ត៌មាន Central News Agency ។
ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ជនរងគ្រោះ ទី ២ ដែលបានស្លាប់ បាត់បង់ជីវិតលើក នេះមានឈ្មោះថា Liu Chih-Wei មានវ័យ ១៩ ឆ្នាំ ជានិស្សិត លោករងរបួស ធ្ងន់ ដោយបានរលាក ដល់ទៅ ៩៩ភាគរយ ឯណោះ ពីគ្រោះថ្នាក់ យប់ថ្ងៃសៅរ៍កន្លងទៅនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់ថា ជនរងគ្រោះស្លាប់លើកនេះគឺជាជនរងគ្រោះ បុគ្គលទី២ហើយដែល បានស្លាប់បាត់បង់ជីវិត ពីគ្រោះថ្នាក់ខាងលើ អំឡុងពេលដែល មានមនុស្សម្នា ចូលរួមយ៉ាងច្រើន កុះករប្រមាណ ១០០០ នាក់ ពី កម្មវិធី Color Play Asia នៅ ក្នុង សួនទឹក Formosa Fun Coast ក្នុងនោះ បណ្តាលអោយមនុស្សរង គ្រោះច្រើនជាង ៥០០ នាក់ ស្របពេលដែល ច្រើនជាង ២០០ នាក់ រងរបួសធ្ងន់ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៤៣ ផ្សេងៗពីគ្នា នៅទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មានដដែល បន្តអោយ ដឹងថា ថ្ងៃច័ន្ទកន្លងទៅនេះ ជនរងគ្រោះដំបូង ដែលបានស្លាប់ពីហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺ ជា នារីវ័យក្មេងម្នាក់ មានវ័យទើបតែ ២០ ឆ្នាំ ស្លាប់បាត់បង់ជីវិត ដោយសារតែ រងរបួសធ្ងន់ធ្ងរ រលាកដល់ទៅ ៩០ ភាគរយ ៕
- អាន ៖ ផ្ទុះឆេះខ្លាំង ម្សៅពណ៌ ក្នុងកម្មវិធី សួនទឹក រងរបួស មនុស្សតិចបំផុត ៥០០ នាក់ (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA