CamNews

ព័ត៌មានអន្តរជាតិ 

ទីបំផុតក្រសួងការពារជាតិអាមេរិក អនុញ្ញាតឲ្យកងទ័ពមានសិទ្ធិកែភេទ ទៅតាមអ្វីដែលពួកគេប្រាថ្នា

(វ៉ាស៊ីនតោន)៖ ទីបំផុតក្រសួងការពារជាតិអាមេរិក បានដកបំរាមនៃការហាមកែភេទ ចេញពីជួរកងទ័ពទូទាំងសហរដ្ឋ អាមេរិកតែម្តង ដែលការនេះមានន័យថា ទាំងកងទ័ពនារី ឬបុរសអាចមានសិទ្ធិកែភេទ ទៅតាមអ្វីដែលពួកគេប្រាថ្នា ដោយស្របច្បាប់។ នេះបើតាម​ការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ ២០១៦។



ទោះបីជាកងទ័ពដែលធ្លាប់មានការតវ៉ា ប្រឆាំងនឹងការរឹតត្បិតបំណងប្រាថ្នាចង់ផ្លាស់ប្តូរភេទ និង លក្ខណៈរាងកាយ កន្លងមក បានទទួលជោគជ័យពេលនេះក្តី ក៏ពួកគេត្រូវតែទទួលយកនូវតំហែទាំសុខភាពឲ្យបានត្រឹមត្រូវ ដូចជាការតាមដាន ទៅលើភាពសុំានៃការផ្លាស់ប្តូរភេទថ្មី ឲ្យបានក្នុងរយៈ១៨ខែជាដើម។ នយោបាយថ្មី ដែលនឹងដាក់ឲ្យ មូលដ្ឋានទ័ពទូទាំងប្រទេសអនុវត្តន៍ នឹងមានសុពលភាពចាប់ពីឆ្នាំ ២០១៧ តទៅ។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Ash Carter បានថ្លែងថា «នេះជារឿងត្រឹមត្រូវដែលយើង ត្រូវធ្វើដើម្បីប្រជាជនរបស់យើង និង កងកម្លាំងរបស់យើង។ គ្មាននរណាម្នាក់ នឹងត្រូវបណ្តេញចេញពីជួរកងទ័ព ដោយគ្រាន់តែរឿងភេទរបស់ពួកគេចង់បាននោះឡើយ។ យើងត្រូវតែគោរពសមភាពយេនឌ័រ»។

តាមរយៈកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ BBC នៅអាមេរិក នាង Jamie Ewing ដែលជាយោធាអាមេរិក ប៉ុន្តែចូលចិត្តតែង ខ្លួននឹងមានបំណងកែភេទជាបុរសពេញទីតែម្តងបានបានលើកឡើងថា «វាពិតជាព័ត៌មានដ៏ល្អណាស់ ហើយខ្ញុំ សប្បាយរីករាយមែនទែន។ ខ្ញុំចង់ស្លៀកពាក់ឯកសណ្ឋានយោធាបែបនេះ ទៅថ្ងៃអនាគត នៅក្នុងនាមជាយោធាមួយរូប នៅក្នុងជួរកងទ័ពរបស់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់តាមតួលេខរបស់ក្រសួងការពារជាតិអាមេរិកថា បច្ចុប្បន្នក្នុងចំណោមកម្លាំងទ័ពអាមេរិកសរុប ១,៣លាននាក់ មាន ២,៥០០នាក់ (ទាំងនារី និង បុរស) បានព្យាយាមស្លៀកពាក់ និងបង្ហាញចរិតលក្ខណៈផ្ទុយនឹងភេទពិត របស់ពួកគេ ហើយមួយចំនួនក្នុងចំណោមនោះ ក៏ត្រូវបានគេដឹងថាមានបំណងចង់កែភេទដែរ៕



ប្រភព ៖ ប៊ីប៊ីស៊ី 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: transgender US USA Int news Hot news