ក្រុងមែនឆេស្ទើ៖ ក្រុមបិសាចក្រហម Manchester United បានជ្រុះបាត់ ៣ពិន្ទុនៅ Old Trafford តាមរយៈការបរាជ័យ ក្រោមថ្វីជើង ក្រុមហ្វូងក្ងាន Swansea City ២-១ នាថ្ងៃបើកឆាក Premier League រដូវកាលឆ្នាំ ២០១៤-២០១៥ យប់មិញនេះ ។
ការទាត់បាល់ហ្ស៊ីហ្សូ បានសម្រេច១គ្រាប់ តាមស្មើ ១-១ នៅនាទី៥២ របស់ខ្សែប្រយុទ្ធ Wayne Rooney មិនអាចជួយឲ្យ ក្រុមម្ចាស់ផ្ទះ ទទួលបាន ៣ពិន្ទុ ដំបូងឡើយ ដោយត្រូវបាន កីឡាករ Gylfi Sugurdsson ស៊ុតគ្រាប់នាំមុខឲ្យ Swansea វិញនៅនាទី៧២ នៅក្រោយពេលគ្រាប់ទី១ បានកើតឡើង នៅនាទី២៨ ស៊ុតដោយ កីឡាករ Sung-Yueng Ki នោះ ។
នេះជាការបរាជ័យ លើកដំបូងរបស់ Man Utd ក្នុងទឹកដី បន្ទាប់ពីបាន យកឈ្នះក្រុម Valencia មកពីអេស្ប៉ាញ ២-១ នៅទីនេះដូចគ្នា ក្នុងជំនួបមិត្តភាព អន្តរជាតិកាលពី ដើមសប្តាហ៍ ។ Man Utd បានធ្វើឲ្យ ប្រិយមិត្តនៅ Old Trafford និង អ្នកគាំទ្រជាច្រើន មានការខកចិត្តយ៉ាងខ្លាំង ដោយសារតែ លេងមិនបានល្អសោះ ហើយស្ថិតនៅក្នុងទឹកដីទៀត មិនអាចរក ៣ពិន្ទុបាន ។
ផ្ទុយពីនេះវិញ ក្រុមម្ចាស់ផ្ទះ កាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អនៅថ្ងៃ បើកឆាកដោយទទួលបាន ៣ពិន្ទុដំបូងក្នុងទឹកដី Emirates Stadium ពីការទទួល ជ័យជំនះ ២-១ ទៅលើក្រុមភ្ញៀវ Crystal Palace ជាមួយនឹងគ្រាប់ បាល់ជ័យជំនះចុង ក្រោយរកបាន ដោយកីឡាករ Aaron Ramsey នៅនាទី៩០ ក្រោយពេល កីឡាករ Brede Hangeland ធ្វើបានសម្រេច គ្រាប់ទី១ នាំមុខឲ្យ Crystale នៅនាទី៣៥ និង Laurent Koscielny ស៊ុតតាមស្មើវិញ នៅនាទី ៤៥នោះ ៕