(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានពីការសម្លាប់មនុស្សបន្ថែមទៀត នៅក្នុងថ្ងៃតែមួយដែលអង្គការអន្តរជាតិត្រួតពិនិត្យគ្រឿងញៀន គំាទ្រដោយអង្គការសហប្រជាជាតិបានថ្កោលទោសការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងក្របខ័ណ្ឌនៃសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
ការព្រមានសាជាថ្មីរបស់លោក ឌូតឺតេ ធ្វើឡើងនៅក្នុងពិធីសម្ពោធផ្លូវជាតិមួយក្នុងតំបន់ Cordova កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធីបតីហ្វីលីពីនរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំប្ដេជ្ញាថានឹងលុបបំបាត់គ្រឿងញៀននៅមុនខ្ញុំដើរចេញពីតំណែងជាប្រធានាធិបតី ដែលនេះអាចមានន័យថា នឹងមានការសម្លាប់មនុស្សបន្ថែមទៀត ព្រោះពួកគេ (ឧក្រិដ្ឋជនគ្រឿងញៀន) នឹងធ្វើការវាយបកវិញយ៉ាងពិតប្រាកដ ហើយម្យ៉ាងវិញទៀតវាក៏នឹងមិនអាចបញ្ចប់នៅថ្ងៃស្អែកដែរ ដរាបណានៅតែមានគ្រឿងញៀន និងឧក្រិដ្ឋជនគ្រឿងញៀននៅលើទឹកដីហ្វីលីពីន។ ដូច្នេះជម្រើសល្អនោះគឺអ្នក (ឧក្រិដ្ឋជនគ្រឿងញៀន) នឹងស្លាប់ ឬអ្នកសម្លាប់ខ្ញុំ ឬក៏ក៏ខ្ញុំសម្លាប់អ្នក»។
គួរបញ្ជាក់ថាបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្រ្គាមគ្រឿងញៀនរបស់លោក ឌូតើតេ បានសម្លាប់មនុស្សជាង ៦,០០០នាក់ហើយនៅទូទាំងប្រទេសហ្វីលីពីន ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីននៅខែមិថុនា ឆ្នាំ២០១៦មក។ ក៏ប៉ុន្តែនៅពេលនេះ បញ្ហារឹតតែចម្រូងចម្រាសនោះគឺថា រដ្ឋាភិបាលរបស់លោក កំពុងស្នើឱ្យមានការបង្កើតច្បាប់កាត់ទោសប្រហារជីវិតឡើងវិញ សម្រាប់ឧក្រិដ្ឋជនគ្រឿង ហើយក្នុងនោះសូម្បីតែជនល្មើសមានអាយុ០៩ឆ្នាំ ក៏អាចនឹងត្រូចជាប់ពន្ធនាគារផងដែរ៕
ប្រភព ៖ អ័រតេ