(ម៉ានីល)៖ អភិបាលក្រុង Albuera នៃខេត្ត Leyte របស់ប្រទេសហ្វីលីពីន បានស្លាប់បាត់បង់ជីវិតហើយ នៅក្នុងពន្ធនាគារស្ថិតនៅភាគកណ្តាលប្រទេសហ្វីលីពីន បន្ទាប់ពីកើតមានហេតុការណ៍បាញ់បោះដាក់គ្នា នៅក្នុងពន្ធនាគារនោះ។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ការផ្សាយពី Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
អភិបាលក្រុងខាងលើនេះមានឈ្មោះថា Rolando Espinosa លោកបានស្ម័គ្រចិត្តចូលមកទទួលទោស ដោយខ្លួនឯងនៅថ្ងៃទី០៥ ខែតុលា ដោយមិនចាំរង់ចាំដល់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូធើតេ ធ្វើការបង្ក្រាបដោយបង្ហូរឈាមនោះឡើយ។ កាលពីខែសីហា លោក ឌូធើតេ បានស្នើឲ្យលោក Rolando និងកូនប្រុសធ្វើការប្រគល់ខ្លួនដល់សមត្ថកិច្ចដោយសារតែភស្តុមានច្បាស់លាស់បង្ហាញថា អភិបាលក្រុងរូបនេះ មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនដ៏សកម្ម។
មកដល់ថ្ងៃសៅរ៍ ទី០៦ខែវិច្ឆិកានេះ ក្រុមប៉ូលិសបំពេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបានចូលទៅកាន់ ពន្ធនាគារដែលលោក Rolando កំពុងជាប់ឃុំតែក៏ត្រូវលោកនិងគូកនម្នាក់ទៀតឈ្មោះ Raul Yab បាញ់រះសំដៅមកកងកម្លាំងប៉ូលិស ទើបប៉ូលិសសម្រេចចិត្តបាញ់តបតវិញក្នុងន័យការពារខ្លួន បានបណ្តាល ឲ្យលោកអភិបាលក្រុងរូបនេះបាត់បង់ជីវិតជាមួយនិងទណ្ឌិតដូចគ្នាម្នាក់ទៀតនៅហ្នឹងកន្លែង។
គួរបញ្ជាក់ថាកាលពីខែតុលាការមុននេះ ប៉ូលិសបង្ក្រាបគ្រឿងញៀនហ្វីលីពីនក៏បានបាញ់សម្លាប់អភិបាលក្រុងមួយរូប និងកងអង្គរក្សរបស់លោក០៩នាក់ផ្សេងទៀតដែរ នៅប៉ុស្តិ៍ត្រួតពិនិត្យភាគខាងត្បូងប្រទេស និងបានរកឃើញគ្រឿងញៀនជាច្រើននៅក្នុងរថយន្តអភិបាលក្រុងរូបនោះទៀតផង៕
ប្រភព ៖ Reuters
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី