(ម៉ានីល)៖ ចម្លើយសារភាពរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អំពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ដែលមានកំរិតដ៏ខ្លាំងក្លា បានបង្កឲ្យកើតមានជាក្តីព្រួយបារម្ភខ្លាំង ចំពោះសុខភាពរបស់លោក ស្របពេលដែលអ្នកតំណាងរាស្រ្តហ្វីលីពីនជាច្រើនរូប បានស្នើឲ្យលោកទៅធ្វើការពិនិត្យសុខភាព និងប្រកាសឲ្យដឹងច្បាស់ពីលទ្ធផល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
លោកប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងថា លោកធ្លាប់បានប្រើប្រាស់ថ្នាំហ្វេនតានីល (Fentanyl) ដែលជាទូទៅសម្រាប់បំបាត់ការឈឺចាប់បណ្តាលមកពី ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដោយសារតែរបួសឆ្អឹងខ្នងរបស់លោកកាលពីគ្រោះថ្នាក់ចរាចរណ៍លើកមុនៗ ប៉ុន្តែលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថាវេជ្ជបណ្ឌិតផ្ទាល់ខ្លួន បានឲ្យលោកឈប់ប្រើប្រាស់វាតទៀតហើយ នៅពេលដែលដឹងថាលោកបានប្រើប្រាស់បរិមាណនៃថ្នាំនេះលើសពីអ្វីដែលបានកំណត់។
ជាមួយគ្នានេះដែរ សមាជិកសភាលោក ការឡុស ហ្សារ៉ាត់ (Carlos Zarate) បានថ្លែងថាការគូសបញ្ជាក់របស់លោក ឌូតឺតេ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទងនឹងបញ្ហាសុខភាពរបស់លោក ដោយរួមទាំងពាក្យចរចាមអារ៉ាមកាលពីអំឡុងពេល នៃយុទ្ធនាការឃោសនបោះឆ្នោត ដែលថាលោកមានជំងឺមហារីកទៀតផង ហើយវាគឺជាការចោទប្រកាន់ដែលលោកប្រធានាធិបតីហ្វីលីពីន បានច្រានចោលជាច្រើនលើកច្រើនសាផងដែរ។
ប្រការហេតុនេះលោក ហ្សរ៉ាត់ បានលើកឡើងថា ដើម្បីបញ្ចប់មន្ទិលសង្ស័យទាំងអស់នេះ វាពិតជាប្រសើរខ្លាំងណាស់បើសិនជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួន របស់លោក ឌូតឺតេ ចេញមុខបកស្រាយឲ្យបានច្បាស់លាស់អំពីវិធីសាស្រ្តនៃការគ្រប់គ្រងការឈឺចាប់ ដែលលោកប្រធានាធិបតីកំពុងនៅបន្តទទួលរងសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះដែរ សមាជិកសភាមួយរូបទៀតគឺលោកស្រី លៃឡា ដឺ លីម៉ា (Leila de Lima) ដែលជាអ្នករិះគន់លោក ឌូតឺតេ ដោយមិនសំចៃមាត់នោះបានបង្ហាញពីការគាំទ្ររបស់លោកស្រីចំពោះសម្តីរបស់លោក ហ្សារ៉ាត់ ហើយលោកស្រីបានថ្លែងយ៉ាងដូច្នេះថា «វាមិនត្រឹមតែជំងឺឈឺថ្កាត់ប៉ុណ្ណោះទេ ដែលយើងគ្រប់គ្នាមានការព្រួយបារម្ភនោះ ប៉ុន្តែក៏មានផលប៉ះពាល់អវិជ្ជមាននៃថ្នាំពេទ្យដែលលោក ឌូតឺតេ កំពុងប្រើប្រាស់ផងដែរ ដែលជាពិសេសនោះគឺភាពច្បាស់លាស់ និងសមត្ថភាពរបស់លោក ក្នុងសម្រេចចិត្តដោយស្ថិតនៅក្នុងសតិអារម្មណ៍ល្អ»។
លើសពីនេះទៅទៀត សមាជិកសភាម្នាក់ទៀតគឺលោក អាន់តូនីញ៉ូ ទ្រីឡានេស (Antonio Trillanes) ក៏បានលើកឡើងដែរថា ចម្លើយសារភាពរបស់លោក ឌូតឺតេ ដែលថាលោកបានប្រើប្រាស់ថ្នាំហ្វេនតានីលហួសកំណត់នោះ បានបញ្ជាក់ថាលោកគឺ «ស្មើនឹងអ្នកញៀនថ្នាំម្នាក់»។
គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ អាយុ៧១ឆ្នាំ គឺជាប្រធានាធិបតី ដែលមានវ័យចំណាស់ជាងគេបំផុតនៃប្រទេសហ្វីលីពីន ហើយលោកធ្លាប់បាននិយាយថា លោកមានជំងឺប្រចាំកាយជាច្រើន និងតែងតែបានលើកយកបញ្ហាជំងឺឈឺថ្កាត់ជាមកធ្វើជាហេតុផល សម្រាប់ការខកខានមិនបានទៅចូលរួមព្រឹត្តិការណ៍ផ្សេងៗ នៅអំឡុងពេលនៃកិច្ចប្រជុំនៅឯក្រៅប្រទេស។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាកាលពីសប្តាហ៍មុន លោក ឌូតឺតេ បានបញ្ជាក់ថា លោកប្រហែលជាមិនអាចបញ្ចប់អាណត្តិរយៈពេល ០៦ឆ្នាំរបស់លោកបានផង៕
ប្រភព ៖ CNA