(ភ្នំពេញ)៖ ក្រុមតន្រ្តីរបស់អាមេរិក ឈ្មោះ Matuto ដែលជាក្រុមតន្រ្តីពេញនិយមខ្លាំង នៅទីក្រុង New York នឹងមកប្រគំជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
សេចក្តីជូនដំណឹង បានឲ្យដឹងថា ក្រោមការរៀបចំរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អង្គការអម្រឹតសិល្បៈ បានអញ្ជើញក្រុមតន្រ្តី ដ៏ល្បីឈ្មោះ Matuto មកសម្ដែងនៅទឹកដីកម្ពុជា ដោយមានការចូលរួមពីសិល្បករខ្មែរ មាន DJ ពូឃ្លាំង ផងដែរ។ ការសម្ដែងជាសាធារណៈនេះ នឹងធ្វើការប្រគំនៅខេត្តក្រចេះ ស្ទឹងត្រែង និង ខេត្តកំពង់ចាម ហើយថ្ងៃចុងក្រោយប្រគំ នៅរាជធានីភ្នំពេញ។
ការសម្ដែងខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២២ ខែឧសភា ដោយថ្ងៃទី១ វេលាម៉ោង ៧៖០០នាទីយប់ នៅមន្ទីរវប្បធម៌ខេត្តក្រចេះ, ថ្ងៃទី២ វេលាម៉ោង៧៖០០នាទីយប់ នៅមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង, ថ្ងៃទី៣ វេលាម៉ោង ៧៖០០នាទីយប់ នៅមន្ទីរគរុកោសល្យខេត្តកំពង់ចាម, ថ្ងៃទី៤ វេលាម៉ោង៧៖០០នាទីយប់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (សាលមហោស្រពគ្មានដំបូល នៃវិទ្យាស្ថានភាសាបរទេស ក្រោយអាគារ CJCC)។
បើតាមការបញ្ជាក់ របស់ស្ថានទូតអាមេរិក ក្រៅពីការសម្តែងនៅប្រទេសកម្ពុជា ក្រុមតន្រ្តី Matuto នឹងទៅទស្សនកិច្ច និងសម្ដែងនៅប្រទេសថៃ និងប្រទេសចិនផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង