CamNews

រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធពិធី បុណ្យអុំទូកឆ្នាំ ២០១២

រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង
អកអំបុក ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ប៉ុន្តែនៅតាមបណ្តាខេត្ត អាច ប្រារព្វបានជាធម្មតា។

ខណៈដែល ព្រះរាជាណាចក្រកម្ពុជា បានជួបនូវមហាទុក្ខដ៏ក្រៀមក្រំ ដោយព្រះអតីតព្រះ
មហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះបីតាឯក
រាជ្យបូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះអង្គបានយាងចូលទីវង្គត កាលពីថ្ងៃទី១៥ ខែ
តុលា កន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប
សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានបញ្ជក់ថា ដើម្បីចូលរួមកាន់ទុក្ខ និងគោរព
ព្រះវិញ្ញាណក្ខន្ធ ព្រះអតីតអង្គ ព្រះមហាក្សត្រខ្មែរ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖

១- ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាម
ដងទន្លេសាបមុខ ព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧
ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១២។

២-ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមទី
កន្លែងដទៃទៀត អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាព
របស់ប្រជាពលរដ្ឋ។

៣-ការឈប់សម្រាករបស់ មន្ត្រីរាជការ និយោជិត កម្មករ ចំនួន ៣ ថ្ងៃ ក្នុងព្រះរាជពិធីនេះ នៅ
រក្សាដដែល ដូចខ្លឹមសារ ដែលមានចែង ក្នុងអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃទី១៤ ខែ
តុលា ឆ្នាំ២០១១ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំ
ឆ្នាំ២០១២៕

 

ដោយ ៖ សូរីយ៉ា


Tags: Cambodia boat racing holiday 2012