ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ហ្វីលីពីន មាត់ឆៅ ចិត្តខ្លាំង ដែលត្រូវបានគេស្គាល់ថា បុរសខ្លាំង ហ្វីលីពីន លោក Duterte Rodrigo នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកាន់កម្ពុជា ក៏ដូចជា សឹង្ហបុរី អំឡុងសប្តាហ៍ក្រោយនេះហើយ ចន្លោះថ្ងៃទី ១៣ ដល់ ១៦ ធ្នូ ២០១៦ ។
ប្រភពសារព័ត៌មានគូសបញ្ជាក់ឲ្យដឹងថា លោក Rodrigo ធ្វើទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី ១៣ និង ១៤ ធ្នូ ខណៈលោកនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហ បុរី នៅថ្ងៃទី ១៥ និង ១៦ ធ្នូ នេះបើយោងតាមសម្តីអ្នកនាំពាក្យ ក្រសួងកិច្ចការបរទេស លោក Charles Jose ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា លោក Rodrigo បច្ចុប្បន្នភាព កំពុងតែបន្តដំណើរ ទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់ ទៅកាន់បណ្តាប្រទេសតំបន់អាស៊ាន ដើម្បីបំពេញកាតព្វកិច្ច ក្នុង នាមជាប្រមុខរដ្ឋ ប្រទេសដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ។ ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ាន ២០១៧ ។
ទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា លោក Rodrigo នឹងចូលបង្គំគាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ដូចជា ចូលជូបសម្តែងការគួរសម ជាមួយនឹងនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន ដូចគ្នាដែរ។ ច្រើនជាងនេះទៅទៀត លោក Rodrigo នឹងជួបប្រជុំជាមួយនឹងសហគមន៍ហ្វីលីពីន នៅកម្ពុជា ខណៈពលរដ្ឋហ្វីលីពីន ច្រើនជាង ៥០០០នាក់ កំពុងតែ រស់នៅ និងបំពេញការងារ នៅ កម្ពុជា ។
ទន្ទឹមនឹងព័ត៌មានខាងដើម ទាក់ទិននឹងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ប្រធានាធិបតី ហ្វីលីពីន លោក Duterte Rodrigo នៅព្រះរាជាណាចក្រកម្ពុជា ងាកក្រឡេកទៅមើលគណនី ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជារដ្ឋមន្ត្រីទទួលបន្ទុកអមដំណើរប្រតិភូប្រធានាធិបតីហ្វីលីពីន បានផូសបង្ហើបឲ្យដឹងថា លោក Rodrigo នឹងដឹកដៃ កីឡាករប្រដាល់ លំដាប់ពិភពលោក Manny Pacquiao មកកម្ពុជា ដូចគ្នា ខណៈអត្ថន័យជារួម ដែល លោក ខៀវ កាញារីទ្ធ បានបង្ហោះនោះ មានអត្ថន័យឲ្យដឹងថា ៖ លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ ល្បីហើយ តែពេលមកកម្ពុជា គាត់នាំអ្នកល្បីមួយទៀតមកជាមួយ គឺព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោក ។ ពិតជាគណៈប្រតិភូល្បីល្បាញមែនហើយលើកនេះ ហើយជាការរីករាយមួយសំរាប់កម្ពុជាផងដែរ ៕
ដោយ ៖ កុសល