(ហុងកុង)៖ ព្យុះកំណាច «Nida» នៅពេលនេះបាននិងកំពុងតែវាយប្រហារ និងគ្រប់ដណ្ដប់ទីក្រុងហុងកុងទាំងមូល ពោរពេញដោយផ្ទាំងអ័ព្ទ និងទឹកកក ហើយវាក៏ជាប្រវត្តិសាស្ត្រមួយ សម្រាប់ទីក្រុងហុងកុងផងដែរ នៅក្នុងរយៈពេលជិត ៦០ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី០២ ខែសីហា។
ដោយសារការវាយប្រហារ ពីសំណាក់ព្យុះកំណាចមួយនេះ បានធ្វើឲ្យជើងហោះហើរប្រមាណ ១៨០ត្រូវបានលុបចោល, រថយន្តក្រុង, រថភ្លើង និងរថភ្លើងក្រោមដី ត្រូវបានផ្អាក ព្រោះតែអាកាសធាតុចុះអ័ព្ទខ្លាំង។
រដ្ឋាភិបាលហុងកុងបានប្រកាសឲ្យពលរដ្ឋទាំងអស់ ស្ថិតនៅកន្លែងមានសុវត្ថិភាព ព្រោះតែព្យុះមួយនេះ អាចបង្កជាគ្រោះថ្នាក់បាន ជាពិសេសគឺទឹកជំនន់ និងការរអិលបាក់ដី ហើយនៅព្រឹកថ្ងៃនេះផងដែរ មានពលរដ្ឋជាច្រើនបាននាំគ្នា ទៅកាន់កន្លែងមានសុវត្ថិភាពមួយ ដែលរៀបចំឡើងដោយអាជ្ញាធរ។
ព្យុះទីហ្វុង «Nida» នេះ បានបង្កើនល្បឿនដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅហើយ ដែលវានឹងធ្វើដំណើរពី ភាគខាងត្បូងទៅកាន់ភាគពាយ័ព្យរបស់ប្រទេសចិនតែម្តង។ យ៉ាងណាក៏ដោយវាត្រូវបានគេព្យាករណ៍ថានឹងថមថយ ឥទ្ធិពលបន្តិច ប៉ុន្តែអាជ្ញាធរចិននៅតែបន្តការព្រមាន ទៅកាន់ប្រជាជននៅបណ្តាខេត្តភាគត្បូង ឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ជានិច្ច ព្រោះភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំង ប្រាកដអាចជាកើតមានឡើង។
គួរបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅនេះព្យុះកំណាចមួយបានវាយប្រហារភាគខាងជើងប្រទេសចិន ជាពិសេសខេត្ត Hebei បានកើតមានទឹកជំនន់ និងការបាក់ដី នាំឲ្យមនុស្សជាង ៣០០នាក់ស្លាប់ និងរាប់សិននាក់ទៀតបាត់ខ្លួន ខណៈផលដំណាំរាប់ម៉ឺនហិកតារងការលិចលង់ រួមជាមួយលំនៅដ្ឋាន និងទ្រព្យសាធារណយ៉ាងច្រើនសន្ធឹកសន្ធាប់ រងការបំផ្លាញគិតជាទឹកប្រាក់ជិត ៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក៕
ប្រភព ៖ ស៊ីអិនអិន/អាស៊ីវ័ន
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង