CamNews

ព័ត៌មានអន្តរជាតិ 

សមាជិកសភា​ទីក្រុង​ហុងកុង​ពីររូប ត្រូវរារាំង​មិនឲ្យ​ចូលសភា ដោយសារ​មិនព្រម​ទៅស្បថ​នៅទីក្រុង​ប៉េកាំង

(ហុងកុង)៖ សមាជិកសភាទីក្រុងហុងកុងពីររូបដែលទើបជាប់ឆ្នោតថ្មីគឺ លោក Sixtus Leung និងអ្នកនាង Yau Wai-ching ត្រូវបានអាជ្ញាធររារាំងមិនឲ្យឡើងកាន់តំណែង ដោយសារតែតំណាងរាស្ត្រទាំងពីររូបនេះមិនព្រមធ្វើ​ដំណើរ​ទៅកាន់​ទីក្រុងប៉េកាំងដើម្បីធ្វើពិធីស្បថចូលកាន់តំណែង។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច​នាព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។


លោក  Sixtus Leung និងអ្នកនាង Yau Wai-ching ត្រូវបានគេដឹងថាមានទំនោរចង់បានឯករាជ្យសម្រាប់​ទីក្រុងហុងកុងទើបពួកគេត្រូវបានប្រជាជនបោះឆ្នោត ឲ្យជាប់ក្លាយជាសមាជិកសភា។ ប៉ុន្តែសមាជិកសភាមិនទាន់​ផ្លូវការទាំងពីររូបនេះ មិនបានទៅចូលរួមស្បថចូលកាន់តំណែង ជាមួយតំណាងរាស្ត្រឯទៀតនៅទីក្រុងប៉េកាំង​ដូចដែលចាប់មានចែងនោះឡើយ ទើបបានបង្កជាបញ្ហាខាងលើនេះឡើង។



ជុំវិញបញ្ហានេះរដ្ឋាភិបាលទីក្រុងប៉េកាំងធ្លាប់បានធ្វើការបកស្រាយអំពីមាត្រាមួយក្នុងច្បាប់កំពូលរបស់ទីក្រុងហុងកុង​រួចមកហើយ នោះគឺមន្ត្រីណាក៏ដោយដែលមិនព្រម ទៅចូលរួមពិធីស្បថឲ្យបានត្រឹមត្រូវនៅទីក្រុងប៉េកាំងនោះ ពួកគេនឹងមិនអាចឡើងកាន់តំណែងរបស់ខ្លួនជាផ្លូវការបាននោះឡើយ។ គួរបញ្ជាក់ថានេះជាចំណាក់ការ ដ៏ធំមួយ​របស់ទីក្រុងប៉េកាំងមកក្នុងកិច្ចផ្ទៃក្នុងរបស់ទីក្រុងហុងកុង ដែលវាបានកើតឡើងតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ​បន្ទាប់ពីសភាទីក្រុងដែលមានសេដ្ឋកិច្ច រីកចំរើនបំផុតនៅតំបន់អាស៊ីនេះ កើតមានកោលាហលយ៉ាងខ្លាំង។

សម្រាប់ក្រុមអ្នកគាំទ្រតំណាងរាស្ត្ររបស់ពួកគេវិញ ក៏បានប្រមូលផ្តុំគ្នាតវ៉ាផងដែរកាលពីយប់ថ្ងៃអាទិត្យ ស្ថិតនៅ​ក្រោមការយាមកាមសន្តិសុខយ៉ាងតឹងរឹង។ ងាកមក​មើលចំណាត់ការរបស់ទីក្រុងប៉េកាំងវិញវាហាក់ដូចជា​លើកទីមួយទៅហើយសម្រាប់ការលូកដៃយ៉ាងជ្រៅចូលមក​ក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង បន្ទាប់ពីតំបន់ស្វយ័ត្រមួយនេះត្រូវបាន ចក្រភពអង់គ្លេសប្រគល់មកឲ្យប្រទេសចិន​វិញកាលពីឆ្នាំ១៩៩៧៕

ប្រភព ៖ ប៊ីប៊ីស៊ី/ស៊ីអិនអេ


Tags: Hong Kong Cathay Pacific London Baby