CamNews

ព័ត៌មានអន្តរជាតិ 

ច្បាស់ហើយ!! ពាក់ព័ន្ធ នឹងការទៅអាមេរិក ត្រូវមានទិដ្ឋាការ ឬអត់?

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា គ្មានការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមានបំណងទៅជាន់ដីអាមេរិកនោះឡើយ ពោលប្រជាពលរដ្ឋខ្មែរទាំងអស់ នៅតែទាមទារឲ្យបំពេញបែបបទស្នើសុំទិដ្ឋាការដដែល មុននឹងចូលជាន់លើទឹកដីអាមេរិក។

ការចេញមកបញ្ជាក់របស់ស្ថានទូតអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមានប្រភពច្បាស់លាស់មួយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ បានផ្សព្វផ្សាយថា ប្រធានាធិបតីថ្មីរបស់អាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកលែងទិដ្ឋាការ ជូនប្រជាពលរដ្ឋខ្មែរ រយៈពេលប្រមាណ៣០ថ្ងៃ។ ព័ត៌មាននេះ ក៏បានផ្សព្វផ្សាយថា លោក ត្រាំ លើកលែងទិដ្ឋាការ សម្រាប់ប្រជាពលរដ្ឋកាមេរ៉ូនផងដែរ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញមកច្រានចោលព័ត៌មានទាំងនេះ និងបានចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាការបោកប្រាស់។ ស្ថានទូតអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះ «ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានកត់សម្គាល់ឃើញ ថាមានសេចក្តីរាយការណ៍ព័ត៌មាន ដែលត្រូវបានគេប្រឌិតឡើង ទាក់ទិននឹង​ការ​ធ្វើ​ដំណើរទៅកាន់ទឹកដីអាមេរិក ដោយគ្មានទាមទារទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋខ្មែរ។ សេចក្តីរាយការណ៍ទាំងនេះគឺ មិនពិតនោះឡើយ ដោយប្រជាជនខ្មែរ នៅតែតម្រូវឲ្យធ្វើការបំពេញបែបបទស្នើសុំទិដ្ឋាការ ដើម្បីអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដូចមុនដដែល ទោះបី​ជាពួកគេគ្រោងស្នាក់នៅរយៈពេលប៉ុន្មាននោះឡើយ»៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Obama,  Int news,  Hot news,  Donald Trump