CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាឡេស៊ីប្រកាសផ្តល់ប្រាក់រង្វាន់ ករណីរកឃើញ តួយន្តហោះធ្លាក់ MH370 ៣ឆ្នាំក្រោយធ្លាក់យ៉ាងអាថ៍កំបាំង

(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនឯកជនណាមួយក៏ដោយ ដែលមានសមត្ថភាពរក​ឃើញ​តួខ្លួននៃយន្តហោះ​ដឹកអ្នក​ដំណើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ីដែលបានបាត់ខ្លួនសូន្យឈឹង នៅក្រោយពេលប្រតិបត្តិ​តាម​ស្វែង​រុក​រក​ដែលបានចំណាយពេលចំនួន០៣ឆ្នាំ ដោយពុំទទួល​បានលទ្ធផលជាផ្លែផ្កាអ្វីទាំងអស់នោះត្រូវបានបញ្ឈប់។ នេះ​បើ​តាម​ការ​ចេញ​​ផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។



អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Abdul Aziz Kaprawi បានថ្លែងថា រដ្ឋាភិបាលបានបើកចំហយ៉ាងទូលាយដល់បណ្តាក្រុមហ៊ុន​ឯក​ជននានា ក្នុងការស្វែងរកយន្តហោះដឹកអ្នកដំណើរដែលមានជោគវាសនាដ៏អភ័ព្វនេះ ហើយនឹងប្រគល់ជាប្រាក់រង្វាន់ដល់ក្រុមហ៊ុនណា​​ដែល​​រក​​ឃើញ​​តួយន្តហោះ ប៉ុន្តែលោក Kaprawi បានគូសបញ្ជាក់ដូច្នេះថា «រាល់ការចំណាយទាំងអស់ក្នុងប្រតិបត្តិការរុករកគឺជាបន្ទុករបស់​ពួកគេ ដោយយើងនឹងផ្តល់រង្វាន់ជូនក្រុមហ៊ុនទាំងនោះ លុះត្រាតែពួកគេទទួលជោគជ័យ»

ចំណែកឯទំហំនៃប្រាក់រង្វាន់វិញ មិនទាន់ត្រូវបាន​សម្រេចនៅឡើយទេ ដោយលោកអនុរដ្ឋមន្រ្តីបានលើកឡើងថា បើក្រុមហ៊ុនណាមានបំណងចង់ ចាប់ផ្តើមប្រតិបត្តិការ ត្រូវតែទាក់ទងជាមួយ​រដ្ឋាភិបាល ហើយនាពេលនោះប្រាក់រង្វាន់នឹងត្រូវប្រកាសឲ្យដឹង។

ដោយឡែកការស្វែករក​នៅ​ក្នុងបរិវេណ១២០,០០០គីឡូម៉ែត្រក្រឡា ​នៅភាគ​ខាងត្បូង​​មហាសមុទ្រ​ឥណ្ឌា បានចំណាយថវិកា​សរុប​​​អស់​​ប្រមាណ​ជា​១៥០លានដុល្លារ ប៉ុន្តែប្រទេសទាំងបីរួមមាន ចិន អូស្ត្រាលី និងម៉ាឡេស៊ី ដែលបានចូលរួមពាក់ព័ន្ធ​​មាន​ការ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​ទៅទៀត ដោយគ្មានភស្តុតាងថ្មីជាក់​លាក់បញ្ជាក់​ពីកន្លែងធ្លាក់របស់យន្តហោះ MH370 នោះ ក៏បានសម្រេចផ្អាកតែម្តង។ ជុំវិញការផ្អាកនេះដែរ ក្រុមគ្រួសារសាច់ញាតិ ជនរង​គ្រោះបានសម្ដែង​ការមិន​ពេញចិត្ត​ជាខ្លាំង និងបានស្នើ​ឱ្យអាជ្ញា​នៃប្រទេស​ទាំងបី ចាប់ផ្ដើម​ប្រតិបត្តិការ​របស់ពួកគេ​ឡើងវិញ។

សូមជំរាបថា យន្ដហោះដឹកអ្នកដំណើរ MH370 និងក្រុមបុគ្គលិក​យន្ដហោះ​សរុប២៣៩នាក់បាន​បាត់ខ្លួន​​ដោយ​អាថ៌កំបាំងជាទីបំផុត​នៅ​លើ​ផ្ទៃអាកាសនៃឈូងសមុទ្រថៃ កាលពីវេលាព្រឹក​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងគោលដៅ​ហោះហើរ​​ពីទីក្រុង​គូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុង​ប៉េកាំងនៃប្រទេសចិន៕

ប្រភព ៖ ប៊ីប៊ីស៊ី 

 


Tags: MH370 Int news Hot news Breaking news