CamNews

ព័ត៌មានអន្តរជាតិ 

លោកបារ៉ាក់ អូបាម៉ា ប្រកាសដាក់ទណ្ឌកម្មថ្មី លើកូរ៉េខាងជើង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាក្នុងការឲ្យអនុវត្តន៍ទណ្ឌកម្មថ្មី បន្ថែមទៀតលើប្រទេសកូរ៉េខាងជើង ជាការឆ្លើយតប ដែលរបបដឹកនាំរដ្ឋកុម្មុយនិស្តមួយនេះ បាញ់សាកល្បង គ្រាប់បែកអ៊ីដ្រូសែន និងបាញ់បង្ហោះផ្កាយរណប ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត ដែលជាការរំលោភលើដំណោះស្រាយរបស់អន្តរជាតិ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ប៊ីប៊ីស៊ី នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។


ចំពោះទណ្ឌកម្មដែលត្រូវបានអនុម័តងាយៗ ដោយសភាអាមេរិកនោះ គឺ ហិរញ្ញវត្ថុទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង ត្រូវតែកាត់ផ្តាច់ ដើម្បីរារាំងប្រទេសនេះមិនឲ្យមានលទ្ធភាព ក្នុងការអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយបន្តទៀត។


ដោយឡែកសម្រាប់ទណ្ឌកម្មជាលក្ខណៈអន្តរជាតិវិញ គឺសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែចរចាគ្នា នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនៅឡើយ។ ប្រទេសចិន មិនបានបង្ហាញការយល់ស្របចំពោះទណ្ឌកម្មមួយចំនួន ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកូរ៉េខាងជើង ដួលរលំនោះឡើយ។ ប៉ុន្តែសម្រាប់ជំនួយមនុស្សធម៌ ៥០លានដុល្លារអាមេរិក នៅតែអនុញ្ញាត ឲ្យធ្វើតាមផែនការ ដែលតម្រូវឲ្យមានការផ្សព្វផ្សាយជាសាធារណៈ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US