(រីយ៉ូ)៖ ទណ្ឌិតយ៉ាងហោចណាស់ ១៥០នាក់បានរត់គេចខ្លួនចេញពីពន្ធនាគារមួយកន្លែងនៅប្រទេសប្រេស៊ីល នាថ្ងៃអង្គារ (ពេលវេលាក្នុងទីក្រុងរីយ៉ូ) នៅក្រោយពេលការប៉ះទង្គិចគ្នាដោយអំពើហិង្សាទ្រង់ទ្រាយធំថ្មីមួយផ្សេងទៀតបានផ្ទុះឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Euro News នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
ខែ្សវីដេអូដែលផ្តិតយករូបភាពពីលើឧទ្ធម្ភាគចក្របានបង្ហាញឲ្យឃើញថា មានផ្សែងខ្មៅអួរអាប់បានហុយចេញពីពន្ធនាគារកើតហេតុខាងលើដែលស្ថិតក្នុងក្រុង Bauru ចម្ងាយប្រមាណ ៣៥០គីឡូម៉ែត្រភាគខាងលិចទីក្រុង Sao Paulo បន្ទាប់ពីវាត្រូវបានក្រុមអ្នកទោសដុតបំផ្លាញ។ ជាមួយគ្នានេះអាជ្ញាធរប្រេស៊ីលបានឲ្យដឹងថា អ្នកទោសចំនួន៩០នាក់ដែលបានហែកគុក ត្រូវបានចាប់ខ្លួនយកមកវិញហើយ រីឯពន្ធនាគារវិញក៏វិលមកស្ថិតក្រោមការគ្រប់គ្រងជាធម្មតាវិញផងដែរ។
គួរបញ្ជាក់ថាការប៉ះទង្គិចគ្នាខាងលើគឺជាករណីថ្មីចុងក្រោយក្នុងចំណោមការផ្ទុះអំពើហិង្សាក្នុងពន្ធនាគារនៃប្រទេសប្រេស៊ីល ហើយគិតចាប់តាំងពីដើមឆ្នាំ២០១៧នេះមក មនុស្សចំនួនប្រហែល១៤០នាក់បានស្លាប់នៅពន្ធនាគារនានាទូទាំងប្រទេសប្រេស៊ីល៕
ប្រភព ៖ អឺរ៉ូញូវ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង