ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ប្រទេសម៉ិចសិក បានរកឃើញ រូងផ្លូវក្រោមដីរយៈចម្ងាយវែងខ្លាំងដល់ ទៅ ៨០០ម៉ែត្រ ដែលត្រូវបានប្រើប្រាស់ ធ្វើការរត់ពន្ធគ្រឿងញៀន ខុសច្បាប់ ចូលទៅក្នុងទីក្រុង San Diego សហរដ្ឋអាមេរិក ។
រូងផ្លូវក្រោមដី រយៈចម្ងាយឆ្ងាយមួយនេះ គឺជារូងផ្លូវក្រោមដី ប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀន ខុសច្បាប់ឆ្លងប្រទេស ពីទីក្រុង Tijuana ប្រទេសម៉ិចសិក ចូលទៅកាន់ទីក្រុង San Diego សហរដ្ឋ អាមេរិក។ ប្រភពបញ្ជាក់អោយដឹងថា រូងផ្លូវក្រោមដី ដ៏អស្ចារ្យ សម្រាប់ក្រុម សង្គមងងឹងមួយនេះ ទំនងជារូងផ្លូវក្រោមដី របស់ស្តេចគ្រឿងញៀន ម៉ិចសិក Joaquin Guzman ដែលកំពុងតែរត់គេច ខ្លួន ។ អាជ្ញាធរ មានសមត្ថកិច្ច បានធ្វើការចាត់ឃាត់ខ្លួន ជន សង្ស័យ ១៦ នាក់ និងរឹបអូសបាន កញ្ជា ១០ តោន ។ គួរបញ្ជាក់ថា រូងផ្លូវក្រោមដី គឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពតែមួយគត់ សំ រាប់ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ពីសំណាក់ក្រុមសង្គមងងឹត ។
ប៉ូលីសសហពន្ធ បើកការស៊ើបអង្កេត ចំណាយរយៈពេល ប្រមាណ ១ សប្តាហ៍ចុងក្រោយនេះ មុន នឹងរកឃើញរូងផ្លូវក្រោមដីរយៈចម្ងាយឆ្ងាយ មានជម្រៅ ១០ម៉ែត្រមួយនេះ ។មន្រ្តីប៉ូលីសក្នុងស្រុក គូសបញ្ជាក់អោយដឹងថា រូងផ្លូវក្រោមដី ដ៏ស្មុគស្មាញ មួយនេះ មុន នឹងបំពាក់ភ្លើងបំភ្លឺ វាត្រូវបាន ឧក្រិដ្ឋជនកសាងឡើង អោយមានខ្យល់ដង្ហើមចេញចូល ជាមួយនឹងធ្នឹម លោហៈ ជាការទប់ស្កាត់ កុំអោយមានការបាក់រលំ ។ អាជ្ញាធរក្នុងស្រុក ប្រទេសម៉ិចសិក ពុំ ទាន់ បញ្ជាក់អោយច្បាស់ថាតើ រូងផ្លូវក្រោមដី មួយ នេះ ជារបស់ជនអន្ធពាលរូបណាអោយពិតប្រាកដនៅឡើយទេ ប៉ុន្តែ មានការ លើកឡើងជាជំហាន ដំបូង ថាជា របស់ ស្តេចគ្រឿងញៀន Guzman ដែល កំពុងតែ ប្រតិបត្តិការ នៅក្នុងតំបន់ ។
គួររំឮកថា ស្តេចគ្រឿងញៀន Joaquin "El Chapo" Guzman រត់គេចខ្លួនបានសម្រេច ពីពន្ធនាគារ មានការយាមកាម ពង្រឹង សន្តិសុខខ្ពស់បំផុត តាម រយៈរូងផ្លូវក្រោមដី ប្រវែង ១,៥ គ.ម អំឡុងខែ កក្កដា កន្លងទៅនេះ ខណៈបច្ចុប្បន្នភាព បន្តការរត់គេចខ្លួននៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី