ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរថៃ គូសបញ្ជាក់នៅថ្ងៃសុក្រ ម្សិលមិញនេះ ឲ្យដឹងថា ប៉ូលីសប្រទេសថៃ បានធ្វើការចាប់ឃាត់ខ្លួន និងចោទប្រកាន់ មនុស្ស ២២ នាក់ ក្នុងនោះ ៣ នាក់ ជាព្រះសង្ឃ ពាក់ព័ន្ធ នឹងការជួញដូរសត្វព្រៃ ក៏ដូចជា ផ្លាស់ទីសាកសពសត្វព្រៃរួមមាន ខ្លារខិន និងខ្លាឃ្មុំជាដើម ចេញពី ប្រាសាទខ្លា។
ប្រាសាទខ្លា ដែលមានវត្តមាននៅក្នុងខេត្ត Kanchanaburi ភាគខាងលិចក្រុងបាងកក នោះ គឹជា ទី ទាក់ទាញទេសចរដ៏ល្បីក្នុងរយៈពេល ច្រើនជាង ២ ទសវត្សកន្លងមកនេះ ខណៈភ្ញៀវទេសចរ តម្រូវ ឲ្យបង់ប្រាក់ប្រមាណ ២៧ដុល្លារសឹង្ហបុរី ដើម្បីមានសិទ្ធថតរូបជាមួយនឹងសត្វខ្លា នៅប្រាសាទខ្លានេះផ្ទាល់តែម្តង ។
សកម្មជនសត្វព្រៃ បានធ្វើការចោទប្រកាន់ គណៈគ្រប់គ្រងប្រាសាទ ពីបទជួញដូរសត្វព្រៃខុស ច្បាប់ ខណៈសង្គមអនឡាញ កាលពីពេលកន្លងទៅនេះ ផ្ទុះការតវ៉ា ថាមានការបាញ់ថ្នាំសន្លប់ ទៅ លើបណ្តាសត្វខ្លា នៅឯប្រាសាទ ទោះជាយ៉ាងណាក៏ដោយចុះ ភាគី ខាងគណៈគ្រប់គ្រងប្រាសាទ បានធ្វើការបដិសេធទៅនឹងការចោទប្រកាន់ខាងលើនេះ។
មន្រ្តីផ្លូវការ Adisorn Nuchdamrong ពីនាយកដ្ឋានឧទ្យានជាតិ ប្រទេសថៃ ឲ្យដឹងថា ជនជាប់ចោទ ២២ នាក់ ត្រូវបានធ្វើការចាប់ឃាត់ខ្លួន ពីបទជួញដូរសត្វព្រៃខុសច្បាប់ ក្នុងនោះ ១៧ នាក់ គឺជា សមាជិកមូលនិធិប្រាសាទ និង ៣ អង្គផ្សេងទៀត គឺជាព្រះសង្ឃ ដែលបានព្យាយាមរត់គេចខ្លួន ជាមួយនឹងរថយន្តដែលពោរពេញទៅដោយស្បែកសត្វខ្លា ៕
- អាន ៖ "រង្គោះរង្គើ" សាកសពសត្វខ្លា ៤០ក្បាល ត្រូវបានរកឃើញក្នុងប្រាសាទខ្លា របស់ថៃ
ប្រែសម្រួល ៖ កុសល
ប្រភព៖ អាស៊ីវ័ន