(ភ្នំពេញ)៖ តារាសម្ដែង នាង ភិន សុដាលីស ជាអតីតភរិយាមួយចំអិនកំពឹសរបស់តារាសម្ដែង លោក ប៉ែន ចំរ៉ុង បានសំរាលកូនស្រីរបស់ខ្លួន ប្រកបដោយជោគជ័យ ទោះបីជាគ្មានវត្តមានលោកប្ដីហេតស៊យ នៅរួមរស់ជាមួយក្ដី។ ភិន សុដាលីស បានឈឺពោះត្រៀមសំរាលកូន តាំងពីល្ងាចថ្ងៃទី០៥ ខែតុលា មកម្ល៉េះ ប៉ុន្តែដោយសារតែកូននេះជាកូនដំបូង និងមានសភាពថ្លោសផងនោះ ទើបនោះល្ងាចថ្ងៃទី០៦ ខែតុលានេះ ក្រុមគ្រួសារសម្រេចវះកាត់ តែម្ដង ព្រោះមិនអាចឆ្លងទន្លេតាមបែប ធម្មជាតិបាន។
យោងតាមការបញ្ជាក់ របស់លោក អ៉ិន សុភិន ជាឪពុករបស់ នាង ភិន សុដាលីស ដែលបានមមើលកំដរ តាំងពីនាងចូលពេទ្យដំបូង បានបង្ហាញក្នុងហ្វេសប៊ុក របស់លោកថា «កូនរបស់កូនស្រីខ្ញុំ បានឆ្លងកាត់ការវះកាត់រួចរាល់ហើយ ដោយមិនអាចសំរាល តាមធម្មតាបាន មកពីកូនរបស់ដាលីសថ្លោសពេក !»។
ក្នុងសារដដែលលោក អ៉ិន សុភិន បានបញ្ជាក់ទៀតថា «នៅម៉ោង៤៖៤២នាទីល្ងាច ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៦ Thanks all friend !» មានន័យថា កូននេះ បានកើតនៅម៉ោង៤៖៤២នាទី ប្រកបដោយជោគជ័យ ទោះបីនេះជាការវះកាត់ ក៏ដោយ ខណៈសុខភាពទាំងម្ដាយនិងកូន គឺមានលក្ខណៈល្អប្រសើ ប៉ុន្តែក៏ត្រូវការថែទាំឲ្យដិតដល់ដែរ។
សូមបញ្ជាក់ថា ភិន សុដាលីស បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីឥតខាន់ស្លា លោក ប៉ែន ចំរ៉ុង រួចមក នាងបានបើកសន្និសីទកាសែតមួយ បកអាក្រាតស្បែកមុខពិត លោក ប៉ែន ចំរ៉ុង ដែលបានដាក់ពាក្យប្ដឹងលែងលះទៅកាន់តុលាការ រហូតតុលាការចេញចេញសាលដីកា លែងលះជាស្ថាពរកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។
តាមការបកស្រាយ នៅក្នុងសន្និសីទនៅរសៀលនេះ អ្នកនាង ភិន សុដាលីស បានឆ្លើយរាល់សំណួរបស់អ្នកសារព័ត៌មាន ទាក់ទងនឹងទំនាក់ទំនងរបស់នាង ជាមួយ លោក ប៉ែន ចំរ៉ុង ដែលឈាន ដល់ការលែងលះនេះ។ ប៉ុន្តែការបកស្រាយរបស់ អ្នកនាង ភិន សុដាលីស ហាក់ដូចជា បង្ហាញអារម្មណ៍សប្បាយចិត្ត មិនមានជាគំនាបអ្វីឡើយ។
យ៉ាងណាមិញ លោក ប៉ែន ចំរ៉ុង គឺជាតារាសម្ដែងមួយដួង ដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ពោលគឺលោកពូកែសម្ដែងណាស់។ ដូច្នេះរឿងរ៉ាវដែល បានកើតឡើង ជាមួយ ភិន សុដាលីស កន្លងមក ត្រូវបាននាង គិតថា ជាការសម្ដែងមួយរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែការសម្ដែងនេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ អសោចន៍ និងធ្វើឲ្យនាងបានដឹងពីមុខមាត់ពិត ចារឹតពិត និងទង្វើគ្រប់បែបយ៉ាងរបស់ ប៉ែន ចំរ៉ុង ។
ទោះបីជាមានការលែងលះ និងត្រូវបែកបាក់គ្នា កូនកើតមកគ្មានឪពុកហៅក្ដី ប៉ុន្តែ ភិន សុដាលីស ហាក់មិនបង្ហាញកាយវិកាពិបាកចិត្ត ឈឺចិត្ត ដេកព្រួយព្រោះតែរឿងនេះឡើយ ពោលគឺមានតែសប្បាយចិត្តទៅវិញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង