(តេហេរ៉ង់)៖ អ្នកវិទ្យាសាស្ត្រអ៉ីរ៉ង់ ផ្នែករញ្ជួយដី លោក Bahram Akkasheh បានព្រមានថា នៅរយៈពេល១៥ ទៅ២០ឆ្នាំខាងមុខ គ្រោះរញ្ជួយដីដ៏មហាប្រល័យមួយ មានកម្លំាង ៧.០ ទៅ៨.០ រ៉ិចទ័រអាចនឹងវាយប្រហារ មកលើទីក្រុងតេហេរ៉ង់ ដោយនឹងធ្វើឲ្យរដ្ឋធានីមួយនេះ បាត់ចេញពីផែនទីពិភពលោក។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងបទសម្ភាសន៍ ជាមួយ Sputnik លោក Bahram Akkasheh បានលើកឡើងថា «គេគួរតែគិតពី លទ្ធភាពនៃការផ្ទេររដ្ឋធានីតេហេរ៉ង់ ទៅកាន់តំបន់ណាមួយ ដែលមានហានិភ័យតិចតួច»។ លោក Akkasheh បន្តថា «វាមិនមែនជារឿងចៃដន្យឡើយ ដែលយើងចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយជប៉ុនក្នុងការ ត្រួតពិនិត្យសកម្មភាពរញ្ជួយដី នៅទីក្រុងតេហេរ៉ង់ ត្បិតនៅពេលដ៏ខ្លីខាងមុខ គ្រោះរញ្ជួយដីដ៏មហាប្រល័យមួយ អាចនឹងវាយប្រហារ លើទីក្រុងមួយនេះ ដោយនឹងបង្កឲ្យមានជនរងគ្រោះរាប់លាននាក់ ក៏ដូចជាអាចធ្វើឲ្យរដ្ឋធានីតេហេរ៉ង់ បាត់ចេញពីផែនទីពិភពលោក ផងដែរ»។
គួរបញ្ជាក់ថា ការផ្ដួចផ្ដើមគំនិតផ្ទេររដ្ឋធានី តេហេរ៉ង់ទៅតំបន់ផ្សេង មានតាំងតែពីឆ្នាំ២០០៩ មកម្ល៉េះ ដោយមានការជម្រុញ ពីសំណាក់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Khamenei ហើយគំនិតនេះក៏ត្រូវបាន ក្រុមប្រឹក្សាសុវត្ថិភាពជាតិ ផ្ដល់អនុសាសន៍ក្នុងការរៀបចំផ្ទេរ រដ្ឋធានីផងដែរ ប៉ុន្តែអ៉ីរ៉ង់មិនទាន់បានបង្ហើប ពីទីតាំងសម្រាប់រដ្ឋធានី អនាគតថ្មីនោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង