CamNews

ព័ត៌មានអន្តរជាតិ 

លោក វ៉្លាឌីមៀ ពូទីន៖ «រុស្ស៊ី​កំពុង​បង្វែរ​ទិស​ដៅ​ទៅ​​រក តំបន់​អាស៊ី​​ខាង​កើត ដោយ​សារ​ផល​​ប្រយោជន៍

(មូស្គូ)៖ ប្រទេសរុស្ស៊ីនាពេលថ្មីនេះ បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅកាន់តំបន់អាស៊ីខាងកើត​​ដែល​រួមមានប្រទេស ចិន ម៉ុងហ្គោលី តៃវ៉ាន់ កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន គឺមិនមែន​ដោយសារ​តែ​រដ្ឋាភិបាលទីក្រុងមូស្គូ ​បច្ចុប្បន្នកំពុងតែ​ពាក់មុខយក្ស ដាក់សហភាពអឺរ៉ុប​នោះឡើយ ក៏ប៉ុន្តែគឺដោយសារតែ​​ផលប្រយោជន៍ជាតិ។ នេះបើតាមសម្តី​របស់មេដឹកនាំកំពូល​​នៃប្រទេសរុស្ស៊ី ដែលដកស្រង់ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនា រសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងការថ្លែងសារ ប្រចាំឆ្នាំលោក​ វ៉្លាឌីមៀ ពូទីន បានបដិសេធចោលនូវមូលហេតុផ្សេងៗ ដែលមិនសម​នៅក្រោយការសម្រេចចិត្តផ្លាស់ប្តូរនេះ ហើយលោកប្រធានាធិបតីរុស្ស៊ី បាន​លើកឡើងថា គោលនយោបាយ​​សព្វ​ថ្ងៃ ត្រូវបានកំណត់​​លើផលប្រយោជន៍​​ នៃប្រទេសជាតិ និងទំនោរ​របស់ពិភពលោក។

គួរបញ្ជាក់ថា លោក វ៉ា្លឌីមៀ ពូទីន ធ្វើការកោតសរសើរ​ មិនដាច់ពីមាត់ចំពោះភាពជាដៃគូទំនាក់ទំនង ​រវាងរុស្ស៊ី និង​ចិន ជាកត្តាដ៏សំខាន់មួយ ដើម្បីធានាឲ្យបាននូវស្ថិរភាព នៅក្នុងតំបន់ក៏ដូចជាទូទាំង​សកលលោក ដែលកំពុងស្ថិតក្រោយស្ថានការណ៍ លំបាកហើយលោក ពូទីន បានចាត់ទុកថា ទំនាក់ទំនង​ដ៏ប្រសើររវាងប្រទេសទាំងពីរ គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញពីការទទួលបានផល ប្រយោជន៍​ទាំង​សងខាង។

បន្ថែមពីនេះ រដ្ឋាភិបាលទីក្រុងមូស្គូ ក៏មានគោលបំណងចង់បង្កើនកិច្ចសហការ ជាមួយនឹងប្រទេសឥណ្ឌា ហើយនិងសង្ឃឹម​ថាអាច ពង្រឹងចំណងទាក់ទង ជាមួយប្រទេសជប៉ុន​បានផងដែរ។ ដោយឡែក​នៅពេល​ដែលធ្វើការអត្ថាធិប្បាយ ទៅលើអនាគតនៃទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលថ្មី នៃសហរដ្ឋអាមេរិក លោកប្រធានាធិបតី​រុស្ស៊ី បានបញ្ជាក់​ជាថ្មីម្តងទៀត ពីការត្រៀមខ្លួនជា​ស្រេច របស់ទីក្រុង​មូស្គូក្នុងការស្តារ​ចំណងមិត្តភាព ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ត្បិតប្រទេសមហាអំណាច ទាំងពីរមានភារៈកិច្ចដូចគ្នា ដើម្បីធានាពីសន្តិសុខរួម និងស្ថិរភាពអន្តរជាតិ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Russia Int news Hot news Breaking news