CamNews

ព័ត៌មានអន្តរជាតិ 

កំពូលមហាសេដ្ឋីលោក Bill Gates នឹងបរិច្ចាគកូនមាន់ ១០០,០០០​ក្បាល ដល់​ប្រទេស​ក្រីក្រ

(ញូយ៉ក)៖ កំពូលមហាសេដ្ឋីអាមេរិកដ៏ល្បីល្បាញគឺលោក Bill Gates បានប្រកាសថានឹងចេញ យុទ្ធនាការបរិច្ចាគកូនមាន់ ១០០,០០០ក្បាល ទៅកាន់បណ្តាប្រទេសក្រីក្រនានា ដើម្បីស្របតាម កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ ឲ្យបានប្រសើរបំផុត។ នេះបើតាមការចេញផ្សាយមុននេះ បន្តិចដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។

កូនមាន់ទាំងអស់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជាង ១០ ដែលមានប្រជាជនរស់នៅក្នុងភាពក្រីក្រខ្លាំង ដូចជា បួគីណា ហ្វាសូ នៅតំបន់អាហ្វ្រិក និង បូលីវា នៅអាមេរិកឡាទីនជាដើម។ មូលនិធិ Bill Gates ដែលចាត់ចែងកម្មវិធីនេះបានអះអាងថា មានតែការចិញ្ចឹមនិងលក់សត្វមាត់ទេ ដែលអាចឲ្យពួកគេ គេចចេញពីភាពក្រីក្របាន ដូចជាកន្លងមកនេះ មានរបាយការណ៍មកថា កសិករចិញ្ចឹមមាន់បាន ២៥០ក្បាលក្នុងមួយឆ្នាំ អាចរកចំណូលបាន ១,២៥០ ដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក Bill Gates បានលើកទឹកចិត្តឲ្យគ្រួសារដែលមានជីវភាពក្រីក្រ ត្រូវងាកមកធ្វើ ការចិញ្ចឹមសត្វជាពិសេសមាន់ ព្រោះមាន់ជាចំណីអាហារដ៏ចាំបាច់ និងពេញនិយមសម្រាប់មនុស្ស គ្រប់ស្រទាប់វណ្ណៈ។ ស្ថាបនិកក្រុមហ៊ុនយក្ស Microsoft រូបនេះក៏បានអំពាវនាវឲ្យសប្បុរសជននានា ធ្វើការបរិច្ចាគសត្វមាន់ ដល់ជនក្រីក្រផងដែរ តាមរយៈមូលនិធិ Heifer សហការជាមួយមូលនិធិ Bill Gates របស់លោកផ្ទាល់៕



ប្រភព​ ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Bill Gates