CamNews

ព័ត៌មានអន្តរជាតិ 

តោះទៅមើល ចំណាប់​អារម្មណ៍​​ ថាក់ស៊ីន លើលោក ត្រាំ បេក្ខភាពប្រជែងតំណែងប្រធានាធិបតី សហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ បើសិនជាលោក ដូណាល់ ត្រាំ អាចផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា នោះមានន័យថា លោកនឹងក្លាយជា មហាសេដ្ឋីជំនួញដំបូងគេ​ ដែលកាន់ដំណែងជាប្រធានាធិបតីអាមេរិក។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ បើតាមការចុះផ្សាយ​របស់កាសែតថៃ Bangkok Post​ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា នេះលោក ត្រាំ ត្រូវបានគេមើលឃើញថា អាចនឹងដើរតាមគន្លងរបស់មហាសេដ្ឋី មួយចំនួនដែលបាន​ប្រឡូកចូល​​ឆាកនយោបាយ ដូចជាអតីតនាយករដ្ឋអ៉ីតាលី លោក Silvio Berluconi ប្រធានាធិបតីអ៊ុយក្រែន​បច្ចុប្បន្ន លោក Petro Poroshenko ឬក៏អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាដើម ដែលធ្លាប់បានប្រដូចលោក ត្រាំ នឹងរូបលោកផ្ទាល់។

ជាការពិតណាស់ លោក ថាក់ស៊ីន ធ្លាប់បានទទួលភាពបរាជ័យ ក្នុងជីវិតនយោបាយ និងកំពុងរស់នៅនិរទេសខ្លួន ហើយមិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បាន​ប្រឈមមុខ​ផងដែរ​ទៅនឹងការចោទប្រកាន់ ​ពីបទ​ពុក​រលួយបន្ទាប់ពីគ្រួសារ​របស់លោក លក់ក្រុមហ៊ុនមួយក្នុងតម្លៃ ១.៨ពាន់លានដុល្លារ ដោយមិនបានបង់ពន្ធចូលរដ្ឋ ជាហេតុបង្កឲ្យមាន វិបត្តិនយោបាយ​នៅក្នុងប្រទេសថៃ បន្ទាប់ពីលោកធ្លាក់ចេញ​ពីតំណែង​ នាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៦ ដោយរដ្ឋប្រហារយោធា ដូចនឹងប្អូនស្រីរបស់លោក ផងដែរ។

ងាកទៅមើលកាល​ដើមឆ្នាំ២០១៦ លោក ថាក់ស៊ីន បានលើកឡើង​នៅក្នុងសារព័ត៌មាន Financial Times ថា​​រូបលោក និងលោក ដូណាល់ ត្រាំ​ មានចំណេះដឹងប្រហាក់ប្រហែល​គ្នានោះ គឺចំណេះ​ដឹងក្នុង​ការចាប់ផ្ដើម​ធ្វើជា​អ្នកជំនួញ។ លោកបន្ថែមថា «នៅពេលដែលអ្នកជំនួញ ទទួល​បានជោគជ័យ​ក្លាយជាអ្នកនយោបាយ ពួកគេនឹងផ្ដល់បរិយាកាស​ល្អ​ដល់នយោបាយ នៅក្នុង​ប្រទេស»។ ការលើកឡើងបែបនេះ វាប្រាកដណាស់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មានទំនោរខ្លាំង​ទៅលើលោក ត្រាំ ហើយវាក៏ទំនងជាបង្ហាញថា ប្រសិន​បើលោក ត្រាំ ជាប់នោះ​ទំនាក់ទំនង​រវាងថៃ និងអាមេរិក ក៏អាចនឹងកែប្រែមុខមាត់ថ្មី ផងដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Bangkok Thai Thailand Asia Asean Int news Breaking news Thaksin