(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានភ្លក្សរសជាតិចាញ់ជាលើកដំបូងក្នុង Premier League រដូវកាល ថ្មីឆ្នាំ២០១៦-២០១៧ យប់មិញ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវហង្សក្រហម Liverpool ដោយលទ្ធផលបច្ចេកទេស ២-១ ក្នុងសប្តាហ៍ទី៤ ជើងទី១។
នេះជាការបរាជ័យដំបូងគេផងដែរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte ក្រៅពីធ្លាប់ឈ្នះ៣ដង ស្មើ១ដង និងចាញ់១ដង ក្នុងពហុកីឡដ្ឋានរបស់ខ្លួន Stamford Bridge នៅពេលដែលកីឡាករ Dejan Lovren និង Jordan Henderson បានរកគ្រាប់នាំមុខឲ្យក្រុមហង្សតាំងពីនាទីទី១៧ និង ៣៦ មុនពេលដែលខ្សែប្រយុទ្ធឡើងជើងវិញ Diego Costa រកបាន១គ្រាប់វិញនៅនាទីទី៦១ រហូតដល់បញ្ចប់ការប្រកួតពេញម៉ោង។
ការបាត់បង់៣ពិន្ទុក្នុងទឹកដីរបស់ខ្លួននេះដែរ បានធ្វើឲ្យ Chelsea បន្តឈរនៅលេខ៣ ដដែល ដោយមាន១០ពិន្ទុ ស្មើទៅនឹងក្រុមលេខ២ Everton និង Manchester City ឈរនៅកំពូលតារាងមាន១២ពិន្ទុ ហើយ Liverpool ឡើងមកឈរនៅលេខ៤ វិញ ដោយមាន១០ពិន្ទុផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង