CamNews

កីឡាអន្តរជាតិ 

ម្ចាស់​ក្លឹប Chelsea ត្រៀម​ចាយ​លុយ​បន្ថែម​ទៀត​ ទិញ​កីឡាករ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការ​ពារ

(ក្រុងឡុងដ៍)៖ មហាសេដ្ឋីជនជាតិរុស្ស៊ី Roman Abramovich ត្រៀមចាយលុយបន្ថែមទៀតឲ្យគ្រូបង្វឹក Antonio Conte ទិញកីឡាករ ដើម្បីពង្រឹងប្រព័ន្ធការពាររបស់ក្លឹបតោខៀវ Chelsea ដែលកំពុងតែជួបវិបត្តិយ៉ាងខ្លាំងក្លាមួយនេះ បន្ទាប់ពីចាញ់ ២ប្រកួតស្ពឹកមុខ។

តាមរយៈសារព័ត៌មាន Dailymail បានចុះផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះថា Abramovich ត្រៀមចាយ លុយខ្ទង់លានដុល្លារបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធការពារក្រុមយក្សអង់គ្លេស ដែលកំពុងតែធ្លាក់ទម្រង់លេងគួរឲ្យកត់ សម្គាល់ ពេលបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ Liverpool ក្នុងទឹកដី Stamford Bridge របស់ខ្លួន មុនមកចាញ់ម្ចាស់ ផ្ទះ Arsenal ៣-០ ទៀតកាលពីសប្តាហ៍មុនក្នុង Premier League ដូចគ្នា គ្រាដែលអវត្តមានខ្សែការពារល្អ John Terry ដោយសារមានរបួស។

គ្រូបង្វឹកថ្មីជនជាតិអ៊ីតាលីលោក Conte បានបញ្ចាក់យ៉ាងខ្លីដែរថា ការបរាជ័យ ៣-០ នៅក្នុងផ្ទះរបស់ Arsenal វាជារឿងមួយដែលមិននឹកស្មានដល់ ខណៈដែលខ្សែការពារ Branislav Ivanovic និង Gary Cahill ធ្វើមិនបានល្អ សោះ។ អតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី និងក្រុម Juventus ខាងលើបានបន្ថែមទៀតថា កីឡាករវ័យ៣៥ឆ្នាំ Terry នឹងអាចចូលលេងបានវិញ ពេល Chelsea ប៉ះក្រុម Hull City ចុងសប្តាហ៍នេះនៅ Premier League។

តែយ៉ាងណាក៏ដោយ ប្រភពព័ត៌មានខាងលើនេះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវចាយ ដើម្បីទិញកីឡាករ និង ខ្សែការពារណាខ្លះដែលស្ថិតក្នុងបញ្ជីទិញរបស់លោក Conte នៅឡើយទេ ជាមួយនឹងខ្សែការពារថ្មីដែលទើបទិញបាន មុនចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ មានដូចជា Kante មកពីក្លឹប Leicester City និង David Luiz មកពីក្លឹប Paris Saint-Germain មិនទាន់ធ្វើបានល្អនៅឡើយទេ៕

ម្ចាស់ក្លឹប Chelsea លោក Roman Abramovich

គ្រូបង្វឹក Chelsea លោក Antonio Conte

ខ្សែការពារ John Terry រងរបួសពេលលេងស្មើ ២-២ ទល់នឹង Swansea City

Chelsea ចាញ់ Arsenal ៣-០ សប្តាហ៍មុន

ខ្សែប្រយុទ្ធក្រុមតោខៀវ Diego Costa

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chelsea