CamNews

ព័ត៌មានអន្តរជាតិ 

លោកត្រាំនិយាយថា ការបញ្ចប់កម្មវីធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនមែនជារឿងតក់ក្រហល់នោះទេ

លោកប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា វាមិនមែនជារឿងប្រញាប់ប្រញាល់អ្វីនោះទេ ក្នុងការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោមកិច្ចព្រមព្រៀងមួយរវាងលោក ជាមួយនឹងលោក គីម ជុងអ៊ុន ដែលនេះជាសម្ដីក្រឡាស់ផ្លាស់ពីពេលមុន ដែលលោកធ្លាប់បាននិយាយថា ដំណើរការនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់កម្មវិធីអាវុធនេះ នឹងផ្ដើមមានឡើងក្នុងពេលឆាប់ៗ។ 

លោកត្រាំ បានប្រាប់ អ្នកកាសែតថា៖” កិច្ចពិភាក្សានានា កំពុងតែដំណើរការ ហើយកិច្ចពិភាក្សាសំខាន់ៗទាំងនោះ ប្រព្រឹត្ដទៅរលូនល្អណាស់។ យើងមិនមានកាលវេលាកំណត់នោះទេ ហើយយើងក៏មិនមានការដាក់កំហត់ឱ្យត្រូវតែពន្លឿនដែរ”។


លោកត្រាំ បានបន្ថែមថា លោកបានពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង ជាមួយនឹងប្រធានាធិបតីរូស្ស៊ីលោក Vladimir Putin កាលពីថ្ងៃចន្ទ នៅឯកិច្ចប្រជុំរបស់ពួកគាត់ នាទីក្រុង Helsinki។

លោកត្រាំ និយាយថា៖ “ប្រធានាធិបតីលោក Putin នឹងត្រូវបានអញ្ជើញឱ្យទទួលដឹងលឺចំពោះរឿងនេះ ក្នុងចេតនាមួយដើម្បីឱ្យដឹងថា លោកគាំទ្រយើងជានិច្ច”។

ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បានជួបជានឹងលោក គីម កាលពីថ្ងៃទី ១២ ខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយ ដែលមិនធ្លាប់មានពីមុនមក នៅប្រទេសសិង្ហបុរី ជាអំឡុងពេល ដែលមេដឹកនាំកូរ៉េខាងជើង បានថ្លែងសន្យាម្ដងហើយម្ដងទៀតថា លោកនឹងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរពីប្រទេសរបស់លោក។

ក៏ប៉ុន្ដែការយល់ព្រមនោះ ពុំបានបង្ហើបឱ្យដឹងពីពេលវេលាជាក់លាក់ សម្រាប់ដំណើរការបញ្ចប់កម្មវិធីអាវុធ ឬថ្លែងឱ្យដឹងពីវិធី ដែលខ្លួននឹងត្រូវអនុវត្ដឡើយ។  អ្នកជំនាញខាងការទូត ត្រូវបានគេរំពឹងថា នឹងជួយសម្របសម្រួលដើម្បីឱ្យដឹងពីសេចក្ដីលម្អិត។

រយៈពេលជាងមួយខែចុងក្រោយនេះ ពុំមានដំណើរការណាមួយជាក់លាក់ ត្រូវបានរាយការណ៍ឱ្យដឹងនោះទេ ហើយកូរ៉េខាងជើងទៀតសោត បានរិះគន់អាមេរិកថា កំពុងតែបង្កើតតម្រូវការឯកតោភាគី។

មុនកិច្ចប្រជុំកំពូល នៅសិង្ហបុរី រដ្ឋការរបស់លោកត្រាំ បាននិយាយថា ការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ នឹងចាប់ផ្ដើម ដោយមិនពន្យារពេល ហើយក្រោយពេលកិច្ចប្រជុំចប់ រដ្ឋការនេះ បាននិយាយថា ដំណើរការនេះ នឹងត្រូវចាប់ផ្ដើមក្នុងពេលឆាប់បំផុត។

រយៈពេលមួយថ្ងៃក្រោយកិច្ចប្រជុំ រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា កិច្ចព្រមព្រៀងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងសម្រេចជាស្ថាពរនៅចុងអាណត្ដិរបស់លោកត្រាំ ក្នុងឆ្នាំ ២០២០ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ msn


Tags: International news