(រុស្ស៊ី)៖ យោងតាមសារព័ត៌មានធំៗរបស់រុស្ស៊ីចំនួនពីរគឺ RT និង Sputnik បានចេញផ្សាយព័ត៌មានចុងក្រោយថា យន្តហោះផ្ទុកមនុស្ស ៣៩នាក់ដែលបានធ្លាក់នៅតំបន់ Siberia ប្រទេសរុស្ស៊ីនាព្រឹកថ្ងៃចន្ទនេះ មិនបានបណ្តាលឲ្យមនុស្សស្លាប់ដូចព័ត៌មាន ដែលបានចេញផ្សាយពីដំបូងនោះឡើយ ពោលគឺមានត្រឹមតែមនុស្ស ១៦នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មានរុស្ស៊ី Sputnik ដដែលនារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
យន្តហោះធុនបង្គួរខាងលើនេះបានធ្លាក់នៅចម្ងាយ ២៩គីឡូម៉ែត្រពីតំបន់ Tiksi ហើយភ្លាមៗក្រោយពីទទួលបានដំណឹងនៃការធ្លាក់យន្តហោះខាងលើនេះ ក្រុមសង្គ្រោះរុស្ស៊ីបានបញ្ជូនឧទ្ធម្ភាគចក្រ Mi-8 ចំនួនបីគ្រឿងទៅកាន់កន្លែងកើតហេតុ។
ដំណាក់កាលដំបូងក្រុមសង្គ្រោះបានអះអាងថា យន្តហោះខាងលើនេអះបានធ្លាក់ និងដាច់ចេញជាបីកំណាត់ប៉ុន្តែវាមិនបានផ្ទុះឆេះនោះឡើយ។ សម្រាប់មូលហេតុនៃការធ្លាក់ត្រូវបានអ្នកជំនាញអះអាងជាបឋមថា អាចបណ្តាលមកពីកត្តាអាកាសធាតុអាក្រក់ ខណៈក្រុមជំនាញក៏កំពុងស្វែងរកប្រអប់ខ្មៅបន្តទៀត។ សម្រាប់អ្នករងរបួសទាំង ០៤នាក់នោះកំពុងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី